អ៊ីស្រាអែលចាប់ខ្លួនជនជាតិអាហ្វ្រិកខាងត្បូង ៦ នាក់ ក្នុងប្រតិបត្តិការស្ទាក់ចាប់កប៉ាល់ជំនួយទៅកាន់ហ្គាហ្សា
អាជ្ញាធរអ៊ីស្រាអែលបានចាប់ខ្លួនជនជាតិអាហ្វ្រិកខាងត្បូងចំនួន ៦ នាក់ បន្ទាប់ពីកងទ័ពជើងទឹកអ៊ីស្រាអែលបានស្ទាក់ចាប់កប៉ាល់ក្នុងបេសកកម្មផ្តល់ជំនួយមនុស្សធម៌ឆ្ពោះទៅតំបន់ហ្គាហ្សា នៅក្នុងដែនទឹកអន្តរជាតិ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

តាមរបាយការណ៍ បញ្ជាក់ថា កប៉ាល់ទាំងនេះជាផ្នែកមួយនៃក្រុមបេសកកម្មជំនួយអន្តរជាតិ ដែលមានគោលបំណងដឹកជញ្ជូនសម្ភារៈជំនួយ និងទាក់ទាញការយកចិត្តទុកដាក់អំពីស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា។
ជាមួយគ្នានេះដែរ ក្រុមអ្នករៀបចំបេសកកម្មបានអះអាងថា កងទ័ពអ៊ីស្រាអែលបានត្រួតពិនិត្យ និងឃុំខ្លួនអ្នកធ្វើដំណើរជាច្រើននាក់ នៅពេលកប៉ាល់ពួកនាវិកទាំងនោះ កំពុងព្យាយាមនាំជំនួយទៅកាន់តំបន់ដែលកំពុងមានវិបត្តិធ្ងន់ធ្ងរ។
ដោយឡែកភាគីអ៊ីស្រាអែល បានអះអាងថា ខ្លួនកំពុងអនុវត្តការបិទផ្លូវសមុទ្រទៅកាន់តំបន់ហ្គាហ្សា ក្រោមហេតុផលសន្តិសុខ និងបានចាត់ទុកបេសកកម្មនេះថាជាការប៉ុនប៉ងបំពានការបិទផ្លូវរបស់ខ្លួន។
បច្ចុប្បន្ន អាជ្ញាធរអាហ្វ្រិកខាងត្បូងកំពុងតាមដានស្ថានភាពយ៉ាងជិតស្និទ្ធ និងធ្វើការទំនាក់ទំនងដើម្បីទទួលព័ត៌មានអំពីសុវត្ថិភាព និងទីតាំងរបស់ពលរដ្ឋខ្លួនដែលត្រូវបានជាប់ឃុំក្រោមកងកម្លាំងអ៊ីស្រាអែល។
ប្រភព៖ News24















