ក្រុមហ៊ុន Meta ចាញ់ក្ដីតុលាការអាមេរិក ត្រូវបង់សំណងប្រមាណ ១៨ពាន់លានដុល្លារ រយៈពេល១០ឆ្នាំ
អាម៉េរិក៖ ក្រុមហ៊ុន Meta Platforms ដែលជាបណ្តាញសង្គម ដ៏ពេញនិយមរបស់ពិភពលោក បានយល់ព្រមបង់សំណងរហូតដល់ ១៨ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល១០ឆ្នាំ ដើម្បីដោះស្រាយបណ្តឹងពីរដ្ឋស្ទើរតែទាំងអស់នៅសហរដ្ឋអាម៉េរិក ដែលចោទប្រកាន់ថា ក្រុមហ៊ុនបានរចនាបណ្តាញសង្គមរបស់ខ្លួនក្នុងរបៀបដែលអាចធ្វើឱ្យកុមារ និងយុវជនញៀនក្នុងការប្រើប្រាស់។



កិច្ចព្រមព្រៀងដែលត្រូវបានប្រកាសកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានបញ្ចប់ការជំនុំជម្រះក្តីនៅតុលាការសហព័ន្ធអាម៉េរិក ពាក់ព័ន្ធនឹងបណ្ដឹងថា កម្មវិធី Meta បានបង្កផលប៉ះពាល់ដល់កុមារ រួមមានជំងឺផ្លូវចិត្ត វេទិកាមិនពិត ធ្វើឱ្យកុមារញៀន និងបណ្ដឹងជាច្រើនទៀត។
តាមកិច្ចព្រមព្រៀងនេះ Meta នឹងត្រូវដាក់កម្រិតការប្រើប្រាស់ Facebook និង Instagram របស់យុវជនក្នុងរយៈពេល១០ឆ្នាំខាងមុខ ដោយកំណត់ឱ្យប្រើប្រាស់បានអតិបរមា ២ម៉ោងក្នុងមួយថ្ងៃ និងបិទការប្រើប្រាស់ចាប់ពី ម៉ោង១២អធ្រាត្រដល់ម៉ោង៦ព្រឹក លើកលែងតែមានការយល់ព្រមពីឪពុកម្តាយ។
លើសពីនេះ Meta នឹងបិទការជូនដំណឹង (Push Notifications) ភាគច្រើនសម្រាប់អ្នកប្រើប្រាស់ជាយុវជនក្នុងអំឡុងពេលសិក្សា ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៣រសៀល និងបង្កើនវិធានការទប់ស្កាត់កុមារមិនឱ្យចូលទៅកាន់មាតិកាដែលមានការកំណត់អាយុ។
វិធានការទាំងនេះ អាចនឹងត្រូវបានរឹតបន្តឹងបន្ថែមទៀត ប្រសិនបើវេទិកាបណ្តាញសង្គមផ្សេងទៀត ដូចជា Snapchat, TikTok និង YouTube ព្រមព្រៀងអនុវត្តវិធានការការពារយុវជនក្នុងលក្ខខណ្ឌប្រហាក់ប្រហែលគ្នា។
ក្នុងចំណោមទឹកប្រាក់សរុបរហូតដល់ ១៨ពាន់លានដុល្លារ Meta នឹងត្រូវបង់ប្រមាណ ១៦,៧ពាន់លានដុល្លារ ទៅឱ្យរដ្ឋចំនួន៤៧ រដ្ឋធានីវ៉ាស៊ីនតោន និងដែនដីមួយចំនួនរបស់អាម៉េរិក។ រដ្ឋកាលីហ្វ័រញ៉ា ត្រូវបានរំពឹងថានឹងទទួលបានប្រមាណ ២,២ពាន់លានដុល្លារ ខណៈរដ្ឋញូវយ៉កនឹងទទួលបានប្រមាណ ១,១ពាន់លានដុល្លារ។ រដ្ឋតិចសាស់ក៏បានឈានដល់កិច្ចព្រមព្រៀងដាច់ដោយឡែកមួយ ដែលមានតម្លៃជាង ១ពាន់លានដុល្លារផងដែរ។
ទោះជាយ៉ាងណា កិច្ចព្រមព្រៀងនេះមិនតម្រូវឱ្យ Meta បោះបង់មាតិកាផ្ទាល់ខ្លួន ឬការផ្សព្វផ្សាយពាណិជ្ជកម្មផ្អែកលើការកំណត់គោលដៅនោះទេ។ ផ្អឌកលើរឿងក្ដីនេះ Meta បានបដិសេធការប្រព្រឹត្តខុស ប៉ុន្តែបានយល់ព្រមចូលក្នុងកិច្ចព្រមព្រៀងដើម្បីបញ្ចប់បណ្តឹងទាំងនេះ។ ក្រុមហ៊ុនបានបញ្ជាក់ថា «ការធានាឱ្យយុវជនទទួលបានបទពិសោធន៍ប្រើប្រាស់វេទិកាដែលមានសុវត្ថិភាព និងមានប្រយោជន៍ គឺជាអាទិភាពសំខាន់របស់ខ្លួន»។
ទន្ទឹមនឹងនេះ តុលាការសហព័ន្ធអាម៉េរិក ដែលមានចៅក្រម Yvonne Gonzalez Rogers ជាអ្នកដឹកនាំការជំនុំជម្រះក្តីបានចាប់ផ្តើមក្ដីនេះ កាលពីថ្ងៃទី១៨ ខែសីហា ដោយបានចាត់ទុកកិច្ចព្រមព្រៀងនេះថា ជា ជំហានវិជ្ជមានមួយ ក្នុងការការពារកុមារនៅលើអ៊ីនធឺណិត។
ប្រភព៖ Reuters















