ក្រុមហ៊ុន Meta, Google, TikTok និង Snapchat ប្រឈមបណ្តឹងជាង ៣,០០០ សំណុំ ពាក់ព័ន្ធការរចនាកម្មវិធី ដែលធ្វើឲ្យក្មេងៗ «ញៀន» បណ្ដាញសង្គម
វ៉ាស៊ីនតោន៖ តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានសម្រេចអនុញ្ញាតឱ្យសំណុំរឿងរាប់ពាន់ប្រឆាំងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមមាន Meta Platforms, Google របស់ Alphabet, TikTok របស់ ByteDance និង Snapchat របស់ Snap បន្តដំណើរការ ពាក់ព័ន្ធនឹងសំណុំរឿងថា ក្រុមហ៊ុនទាំងនេះ បានរចនាកម្មវិធីឡើង ធ្វើឱ្យមានលក្ខណៈញៀន ជាពិសេសចំពោះអ្នកប្រើប្រាស់វ័យក្មេង។

តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកប្រចាំតំបន់ទី៩ (9th U.S. Circuit Court of Appeals) ដែលមានមូលដ្ឋាននៅទីក្រុង San Francisco បានច្រានចោលការប្តឹងឧទ្ធរណ៍របស់ Meta និង TikTok ដែលចង់លុបចោលសេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោម ដែលតម្រូវឱ្យក្រុមហ៊ុនទាំងនេះ ប្រឈមមុខនឹងសំណុំរឿងជាង ៣,០០០ករណី ដែលបានដាក់នៅតុលាការសហព័ន្ធ។
ជាមួយគ្នានេះ តុលាការក៏បានបដិសេធសំណើរបស់ Meta ដែលសុំឱ្យពន្យារការជំនុំជម្រះសំណុំរឿងមួយ ដែលដាក់ដោយអគ្គអយ្យការរដ្ឋចំនួន ២៩ នៅសហរដ្ឋអាមេរិក និងគ្រោងចាប់ផ្តើមនៅថ្ងៃពុធ។
សំណុំរឿងនេះចោទប្រកាន់ Meta ថា បានប្រមូល និងប្រើប្រាស់ទិន្នន័យរបស់កុមារដោយខុសច្បាប់ និងបានរចនាវេទិកាបណ្ដាញសង្គមរបស់ខ្លួនក្នុងគោលបំណងធ្វើឱ្យអ្នកប្រើប្រាស់វ័យក្មេងជាប់ចិត្ត និងបានផ្តល់ព័ត៌មានដែលធ្វើឱ្យអ្នកប្រើប្រាស់យល់ច្រឡំអំពីសុវត្ថិភាពនៃវេទិការបស់ខ្លួន។ ខណៈនោះ Meta បានស្នើសុំពន្យារការជំនុំជម្រះ ដោយអះអាងថា សំណុំរឿងមិនគួរបន្តឡើយ ប៉ុន្តែតុលាការឧទ្ធរណ៍បានបដិសេធសំណើនេះ។
សំណុំរឿងដែលកំពុងប្រឈមមុខនឹងក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ ត្រូវបានដាក់ដោយរដ្ឋ អាជ្ញាធរមូលដ្ឋាន សាលារៀន និងបុគ្គលជាច្រើន។ ភាគីដើមបណ្តឹងចោទប្រកាន់ថា ក្រុមហ៊ុនបណ្ដាញសង្គមធំៗទាំងនេះ បានរចនាកម្មវិធីដោយចេតនា ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់វ័យក្មេងញៀន ដោយអះអាងថា ជាហេតុធ្វើឲ្យមានការកើនឡើងនៃជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ បញ្ហារូបរាងកាយ និងវិបត្តិសុខភាពផ្លូវចិត្តក្នុងចំណោមយុវជនអាមេរិក។
ក្រៅពីសំណុំរឿងនៅតុលាការសហព័ន្ធ ក្រុមហ៊ុនទាំងនេះក៏ប្រឈមនឹងបណ្តឹងរាប់រយផ្សេងទៀតនៅតុលាការរដ្ឋ ដោយក្នុងនោះមានប្រមាណ ៣,៣០០សំណុំរឿង ត្រូវបានរួមបញ្ចូលក្នុងដំណើរការតែមួយនៅតុលាការរដ្ឋ California។
ប្រភព៖ Reuters















