ត្រឹម ១ សប្ដាហ៍! ករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) នៅថៃ ផ្ទុះដល់ជាង ៥,៧០០ករណី
បាងកក៖ ការឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសថៃ នៅតែបន្តកើនឡើងគួរឱ្យព្រួយបារម្ភ ខណៈមជ្ឈមណ្ឌលប្រឆាំងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Anti-Cyber Scam Center – ACSC) បានរាយការណ៍ថា មានបណ្ដឹងជាង ៥,៧០០ករណី និងការខាតបង់សរុបលើស ១៧៧លានបាត ក្នុងរយៈពេលត្រឹមមួយសប្ដាហ៍ប៉ុណ្ណោះ។







យោងតាមស្ថិតិរបស់ ACSC សម្រាប់ថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ អាជ្ញាធរបានទទួលបណ្ដឹងចំនួន ៥,៧១៦ករណី តាមប្រព័ន្ធ ThaipoliceOnline។ ក្នុងនោះ ការឆបោកពាក់ព័ន្ធនឹង ការលក់ទំនិញ និងសេវាកម្មក្លែងក្លាយ មានច្រើនជាងគេ ដោយមាន ៤,៤២៩ករណី ស្មើនឹង ៧៧,៥% នៃករណីសរុបទាំងអស់ និងបង្កការខាតបង់ជាង ៤៨លានបាត។
ទោះជាយ៉ាងណា អាជ្ញាធរថៃបានបញ្ជាក់ថា និន្នាការនេះស្របទៅនឹងស្ថានភាពទូទៅពេញមួយឆ្នាំ សម្រាប់ឆ្នាំ២០២៦ ដែលករណីឆបោកទាក់ទងនឹងការលក់ទំនិញ និងសេវាកម្ម តែងតែស្ថិតនៅចន្លោះ ៧០% ដល់ ៨០% នៃករណីទាំងអស់។ យ៉ាងណាមិញ ការឆបោកលើការវិនិយោគ និងការក្លែងបន្លំជាមន្ត្រីរាជការ គឺជាប្រភេទដែលបណ្ដាលឱ្យជនរងគ្រោះខាតបង់ប្រាក់ច្រើនជាងគេក្នុងមួយករណី។
ចំពោះករណីទាំងអស់ អាជ្ញាធរថៃក៏បានព្រមានអំពីល្បិចថ្មីរបស់ក្រុម Call Center ដែលតែងក្លែងខ្លួនជាមន្ត្រីប៉ូលិស ឬមន្ត្រីរដ្ឋាភិបាល ដោយទូរស័ព្ទទៅជនរងគ្រោះ អះអាងថាពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌ បង្ខំឱ្យធ្វើការហៅជាវីដេអូ ណែនាំឱ្យទៅស្នាក់នៅសណ្ឋាគារ ដាច់ដោយឡែកពីអ្នកដទៃ ហើយបញ្ចុះបញ្ចូលឱ្យផ្ទេរប្រាក់ក្រោមហេតុផលថា ដើម្បី «ផ្ទៀងផ្ទាត់គណនី»ជាដើម។ ក្នុងករណីមួយចំនួន អាជ្ញាធរបានអន្តរាគមន៍ទាន់ពេលវេលា និងអាចទប់ស្កាត់ការខាតបង់បាន។
ដោយឡែក ACSC ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គស្នងការដ្ឋានអាជ្ញាធរជាតិថៃ បានបន្តសហការជាមួយធនាគារ ស្ថាប័នពាក់ព័ន្ធ និងដៃគូអន្តរជាតិ ដើម្បីបង្កកទ្រព្យសម្បត្តិ បង្ក្រាបបណ្ដាញឆបោក រួមទាំងគណនីមេ (Mule Accounts) និងបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងបង្កើនការផ្សព្វផ្សាយអំពីវិធីសាស្ត្របោកប្រាស់ថ្មីៗ ដើម្បីការពារប្រជាពលរដ្ឋពីការចាញ់បោក។
ប្រភព៖ The Pattaya News















