អបអរសាទរ!អនុវិទ្យាល័យ មិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសា, សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព និងមណ្ឌលសុខភាព គោកចកជាប់ជាម្ចាស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៥


ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំ «កម្មវិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណ:គំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត មន្ត្រីជំនាញ តំណាងអង្គភាពអប់រំ និងសុខាភិបាលទូទាំងប្រទេស ព្រមទាំងអ្នកសារព័ត៌មាន សរុបប្រមាណជាង ២,០០០នាក់។

ក្នុងឱកាសនោះ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៥ ដោយជ្រើសរើសអង្គភាពដែលមានស្នាដៃលេចធ្លោក្នុងការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងការឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។

សម្រាប់វិស័យអប់រំ កម្រិតអនុវិទ្យាល័យ ជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើ អនុវិទ្យាល័យ មិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសា ខេត្តសៀមរាប ខណៈកម្រិតសាលាបឋមសិក្សា ជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើ សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ។

ដោយឡែក ក្នុងវិស័យសុខាភិបាល កម្រិតមណ្ឌលសុខភាព ជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើ មណ្ឌលសុខភាព គោកចក ខេត្តសៀមរាប។

យ៉ាងណាមិញ ក្រៅពីជ័យលាភីចំណាត់ថ្នាក់លេខ១ គណៈកម្មការវាយតម្លៃក៏បានប្រកាសចំណាត់ថ្នាក់ជ័យលាភីល្អបំផុតចំនួន ១០អង្គភាព សម្រាប់វិស័យនីមួយៗ ដើម្បីលើកទឹកចិត្ត និងទទួលស្គាល់សមិទ្ធផលរបស់អង្គភាពដែលបានខិតខំកែលម្អគុណភាពសេវាសាធារណៈជាបន្តបន្ទាប់។

គួរបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបំផុសចលនាប្រកួតប្រជែង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ តម្លាភាព និងឆាប់រហ័សជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងវិស័យអាទិភាពទាំងពីរ គឺ អប់រំ និង សុខាភិបាល។