សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាប្រារព្ធពិធីមហាសន្និបាតសាមញ្ញនិងបោះឆ្នោតជ្រើសរើសប្រធានស្តី្រដំបូងគេ ក្នុងប្រវតិ្តសាស្ត្រសមាគមសម្រាប់អាណត្តិទី១០ ឆ្នាំ២០២៥-២០២៦
កាលពីរសៀលទី៨ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារហៃយ៉ាត់ វីជិនស៊ី ភ្នំពេញ សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានរៀបចំមហាសន្និបាតសាមញ្ញលើកទី១០ ក្រោមអធិបតីភាព ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និង កីឡា និងជាប្រធានកិត្តិយសសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងពិធីពិសាអាហារសាមគ្គីពេលល្ងាច ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានសមាជិក-សមាជិកា ព្រមទាំងភ្ញៀវកិត្តិយសប្រមាណ១៨០នាក់ចូលរួម។


សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា ជាសមាគមអតីតអ្នកចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (ហៅកាត់ថាកម្មវិធី SSEAYP ដែលជាកម្មវិធីផ្លាស់ប្តូរយុវជនក្នុងតំបន់ដ៏ធំមួយ ចាប់បដិសន្ធិតាំងពីឆ្នាំ១៩៧៤ មកម្ល៉េះ និងមានយុវជនចូលរួមមកពីបណ្តាប្រទេស អាស៊ាននិងជប៉ុន សរុបប្រមាណជាង១២០០០នាក់។ ឧកញ៉ា ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា អាណត្តិទី៩ឆ្នាំ២០២៣-២០២៤ បានប្រកាសបើកមហាសន្និបាតសាមញ្ញ របស់សមាគម ដែលតែងត្រូវបានប្រារព្ធធ្វើឡើងរយៈពេល២ឆ្នាំម្ដង ដើម្បីធ្វើសេចក្តីរាយការណ៍ ដល់សមាជិក-សមាជិកាទាំងអស់ អំពីសកម្មភាពនិងសមិទ្ធផលផ្សេងៗ ក្នុងរយៈពេល២ឆ្នាំកន្លងមកនិងដើម្បីធ្វើការបោះឆ្នោតជ្រើសរើស ប្រធានសមាគម សម្រាប់ដឹកនាំអណត្តិថ្មី។ លោកបានមានប្រសាសន៍ថា៖ “ចាប់តាំងពីកម្ពុជាបានចូលរួមពេញសិទ្ធិក្នុងកម្មវិធី SSEAYP នៅឆ្នាំ២០០០ រហូតមកទល់បច្ចុប្បន្ន អតីតប្រតិភូយុវជនជាច្រើនរូប
នៃកម្មវិធីនេះ បានក្លាយជាអ្នកដឹកនាំជាន់ខ្ពស់ ម្ចាស់អាជីវកម្ម និងប្រតិបត្តិករ ក្នុងវិស័យរដ្ឋនិងវិស័យឯកជន នាំឲ្យកម្មវិធី SSEAYP ក្លាយទៅជាកម្មវិធីផ្លាស់ប្តូរយុវជនមួយ ដ៏មានឥទ្ធិពលនិងលេចធ្លោ»។

នៅក្នុងអង្គមហាសន្និបាតនេះ លោកស្រី គូ សុភារី អគ្គលេខាធិការសមាគម បានធ្វើបទបង្ហាញអំពីរបាយការណ៍សកម្មភាពរបស់សមាគម ក្នុងអាណត្តិទី៩ឆ្នាំ២០២៣-២០២៤ ដែលមានចំណុចសំខាន់ៗចំនួន៧ដូចខាងក្រោម៖
១) ការបណ្តុះបណ្តាលមុនពេលចេញដំណើររបស់ប្រតិភូកម្ពុជា ទៅកាន់កម្មវិធី SSEAYP
២) សិក្ខាសាលាចែករំលែកចំណេះដឹងក្នុងការគ្រប់គ្រងអាជីវកម្ម
៣) ការចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល របស់ប្រធានសមាគម SSEAYP មកពីបណ្តាប្រទេសអាស៊ាននិងជប៉ុន
៤) ការចូលរួមមហាសន្និបាតអន្តរជាតិនៃកម្មវិធី SSEAYP លើកទី៣៣ ឆ្នាំ២០២៤ នៅទីក្រុងប៉ាតាយ៉ាព្រះរាជាណាចក្រថៃ
៥) សកម្មភាពចូលរួមកិច្ចការងារសង្គម
៦) សកម្មភាពកិច្ចសហប្រតិបត្តិការអន្តរជាតិ
៧) សកម្មភាពផ្សេងៗរបស់សមាជិក-សមាជិកាសមាគម

បន្ទាប់មក គណៈកម្មការរៀបចំការបោះឆ្នោត ដែលដឹកនាំដោយ ឯកឧត្តម ស៊ាង សុលក្ខណ៍ ទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាអតីតប្រធានប្រតិភូយុវជនចូលរួមកម្មវិធី SSEAYP ឆ្នាំ២០១៦ បានរៀបចំអោយមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងសម្ងាត់បំផុត ផ្ដល់ទំនុកចិត្ត ជ្រើសរើសប្រធានសមាគម អាណត្តិទី១០ ឆ្នាំ២០២៥-២០២៦ ។ តាមរយៈការបោះឆ្នោតនេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអតីតប្រតិភូយុវជនឆ្នាំ២០១០ បានទទួល សំឡេងគាំទ្រចំនួន៩៩,២% ក្លាយជា ប្រធានសមាគម អាណត្តិទី១០ ឆ្នាំ២០២៥-២០២៦ ជាពិសេស ក្លាយជាប្រធានស្ត្រីដំបូងគេ ក្នុងប្រវត្តិសាស្ត្រ របស់សមាគម ចំថ្ងៃទី៨ មីនា ឆ្នាំ២០២៥ នេះ ដែលជាទិវានារីអន្តរជាតិផងដែរ។ លោកជំទាវប្រធានសមាគមដែលទើបជាប់ឆ្នោត បានលើកឡើងថា៖ “នារីអាចធ្វើអ្វីដែលបុរសធ្វើបាន ហើយអាចធ្វើបានល្អជាង» នេះគឺជាសក្ខីភាពនៃការរីកចម្រើនសង្គមកម្ពុជា ខណៈដែលស្ត្រីកាន់តែមានលទ្ធភាព សមត្ថភាព និងឱកាសចូលរួមក្នុងភាពជាអ្នកដឹកនាំ ដើម្បីវឌ្ឍនភាព សន្តិភាព និងភាពសុខដុមរមនារបស់សង្គមជាតិ។

ឯកឧត្តម សេរី ជំនះ បានប្រកាសបិទកម្មវិធីមហាសន្និបាតសាមញ្ញនេះ ដោយបានសម្ដែងនូវការកោតសរសើរចំពោះសកម្មភាព និងសមិទ្ធផលការងារក្នុងអាណត្តិទី៩ កន្លងមក និងបានលើកឡើងផងដែរថា កម្មវិធី SSEAYP គឺជាកម្មវិធីផ្លាស់ប្តូរយុវជនដែលមានសក្តានុពលនិងលេចធ្លោខ្លាំងបំផុត ក្នុងចំណោមកម្មវិធីយុវជនជាច្រើនរបស់ក្រសួងអប់រំ យុវជន និងកីឡា។

នៅក្នុងកម្មវិធីជួបជុំអាហារសាមគ្គីពេលល្ងាច ឯកឧត្ដម ហ៊ុន ម៉ានី បានអបអរសាទរចំពោះលទ្ធផលនៃមហាសន្និបាតរបស់សមាគម និងអបអរសាទរប្រធានសមាគមអាណត្តិទី១០ដែលទើបជាប់ឆ្នោតថ្មី ។ ឯកឧត្តមបានវាយតម្លៃខ្ពស់នូវសមិទ្ធផលការងារក្នុងឆ្នាំកន្លងមក និងបានរំលេចនូវការចូលរួមចំណែកយ៉ាងសំខាន់របស់សមាជិកដែលតែងតែតំណាងឲ្យមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។ ឯកឧត្តមបានរំលេចអំពីគោលដៅរួម របស់សមាគម និង ស.ស.យ.ក. ដោយឯកឧត្តមបានបន្តថា បើ ទោះបីជាស្ថិតនៅកន្លែងខុសៗគ្នា ហើយក្តីស្រមៃអាចនឹងខុសៗគ្នា ប៉ុន្តែប្រាកដជាមានក្តីស្រមៃមួយដែលចង់ឲ្យប្រទេសជាតិរីកចម្រើនទៅមុខដូចគ្នា។ ក្នុងន័យនេះ ឯកឧត្តមបានបន្សល់ទុកនូវសារគន្លឹះសំខាន់មួយថា៖ “ជម្រើសរបស់អ្នក ជាអនាគតរបស់អ្នក ហើយជម្រើសរបស់ខ្ញុំ ជាអនាគតរបស់ខ្ញុំ ប៉ុន្តជម្រើសរបស់យើងទាំងអស់គា្ន ជានិច្ចជាកាល ត្រូវតែជា កម្ពុជា របស់យើងទាំងអស់គ្នា»៕

