«នៅឆ្នាំ២០២៧ ខាងមុខនេះ គ្រូបង្រៀន នឹងទទួលបានក្របខ័ណ្ឌ «ក» គ្រប់កម្រិតទាំងអស់មិនថា មត្តេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ»
នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ថ្លែងក្នុងឱកាសអញ្ជើញផ្តល់បទឧទ្ទេសនាមស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ក្នុងកម្មវិធីវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី២៦ ជូនដល់សមាជិក សមាជិកាចំនួន ១៤៦នាក់ នៅទីស្តីការកណ្តាលគណបក្សប្រជាជនកម្ពុជា វិមាន ៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។





















ក្នុងបទឧទ្ទេសនាមនេះ ឯកឧត្តមរដ្ឋលេខាធិការ បានពន្យាល់លម្អិតពីពាក្យ «ងារ» ជូនដល់សិក្ខាកាមទាំងអស់ និងបានពន្យល់យ៉ាងក្បោះក្បាយទៅលើការប្រើប្រាស់ពាក្យពេចន៍ តំណែង តួនាទី ឋានានុក្រម ការតែងតាំង លិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត ក្នុងរដ្ឋបាលសាធារណៈ ដោយលើកឧទាហរណ៍ជាក់ស្តែងនៃការបំពេញការងារទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ឯកឧត្តម ក៏បានរំលេចពីការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដឹកនាំអនុវត្តដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដែលជាកិច្ចការងារអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយផ្ទាល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនេះផងដែរឯកឧត្តម បានបញ្ជាក់ថា នៅឆ្នាំ២០២៧ ខាងមុខនេះ គ្រូបង្រៀន នឹងទទួលបានក្របខ័ណ្ឌ «ក» ទាំងអស់ គ្រប់កម្រិតទាំងអស់មិនថា មត្តេយ្យ បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ហើយសម្រាប់អ្នកដែលចង់ប្រឡងជាគ្រូបង្រៀន ត្រូវមានបរិញ្ញាបត្រ ទើបមានសិទ្ធចូលប្រឡងប្រជែង។ ក្នុងនីតិកាលទី៧នេះ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែង ចំនួន ៥៨លើក ប្រកបដោយគុណាធិបតេយ្យ និងបើកឱកាសច្រើនដងដល់បេក្ខជន រហូតមានបេក្ខជនប្រឡងជាប់ បីក្រសួងក្នុងពេលតែមួយ។ ក្នុងនោះក៏មានបេក្ខជនដាក់ពាក្យប្រឡងប្រមាណ ២៩ម៉ឺននាក់ ដូច្នេះអ្នកអានសៀវភៅ ក៏មានប្រមាណ ២៩ម៉ឺននាក់ដែរ ដោយសារត្រៀមប្រឡង។
បន្ថែមពីនេះ ឯកឧត្តម បានអំពាវនាវដល់សិក្ខាកាមទាំងអស់ ឱ្យប្រកាន់ភ្ជាប់នូវគុណធម៌ និងមានវិន័យនៅពេលបំពេញការងារ ដោយនឹកជាប់ជាប្រចាំនូវគុណ និងផ្សព្វផ្សាយនូវគុណ ដែលថ្នាក់ដឹកនាំ បានខិតខំប្រឹងប្រែងកសាងប្រទេស ពោលគឺសម្តេចប្រធានគណបក្ស ដែលតែងតែដោះស្រាយនូវរាល់បញ្ហាប្រកបដោយ «វិចារវិជ្ជា»។ ឯកឧត្តមក៏បានស្នើឱ្យកម្មាភិបាលគ្រប់រូប ធ្វើជាគំរូល្អក្នុងគ្រួសារ ក្នុងសហគមន៍ និងប្រទេសជាតិ ដោយគិតប្រយោជន៍ជារួម គឺប្រជាជន ព្រមទាំងរួមគ្នាថែរក្សានូវអ្វីដែលថ្នាក់ដឹកនាំបន្សល់ទុក និងរក្សាឱ្យបាននូវកិត្យានុភាពរបស់គណបក្ស៕















