ឯកឧត្តម ហែម វណ្ណឌី៖ សុវត្ថិភាពម្ហូបអាហារគឺជាការទទួលខុសត្រូវរួមរបស់ជាតិ ដែលមិនត្រឹមតែការពារអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា


ភ្នំពេញ៖ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការមន្ទីរពិសោធន៍វិភាគម្ហូបអាហារ ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានបើកកិច្ចប្រជុំលើកទី៤ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍបណ្តាញមន្ទីរពិសោធន៍យោង និងមន្ទីរពិសោធន៍ផ្លូវការរបស់កម្ពុជា ដោយបន្តជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងសុវត្ថិភាពម្ហូបអាហារ លើកកម្ពស់គុណភាពមន្ទីរពិសោធន៍ និងបង្កើនទំនុកចិត្តលើការវិភាគម្ហូបអាហារនៅទូទាំងប្រទេស។

ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “មន្ទីរពិសោធន៍យោងអាចមិនមានច្រើនទេ ព្រោះត្រូវការការ វិនិយោគធំ ជំនាញបច្ចេកទេសកម្រិតខ្ពស់ និងប្រព័ន្ធគុណភាពដែលទទួលស្គាល់ជាអន្តរជាតិ។ អាទិភាពរបស់យើង គឺកសាងមូលដ្ឋានរឹងមាំមួយ ដោយមានមន្ទីរពិសោធន៍ដែលបំពេញតាមស្តង់ដាបច្ចេកទេសខ្ពស់ និងទទួលបានទំនុកចិត្តពីស្ថាប័ននិយ័តករ សហគ្រាស និងទីផ្សារ។”

ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការបានបន្តបន្ថែមថា៖ “សុវត្ថិភាពម្ហូបអាហារគឺជាការទទួលខុសត្រូវរួមរបស់ជាតិ។ បណ្តាញមន្ទីរពិសោធន៍ដែលអាចទុកចិត្តបាន មិនត្រឹមតែការពារអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការបង្កើនទំនុកចិត្តរបស់អ្នកផលិត អ្នកនាំចេញ ដៃគូពាណិជ្ជកម្ម និងអ្នកប្រើប្រាស់ លើគុណភាព និងសុវត្ថិភាពនៃផលិតផលកម្ពុជាផងដែរ។”

ទន្ទឹមនោះ ផែនទីបង្ហាញផ្លូវបានចង្អុលឱ្យគណៈកម្មាធិការបន្តអនុវត្តការងារសំខាន់ៗ រួមមានការវាយតម្លៃមន្ទីរពិសោធន៍ ការពង្រឹងសមត្ថភាព ការផ្តល់វិញ្ញាបនបត្រ និងតាមដានការវាយតម្លៃជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់ការកសាងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារជាតិដែលមានការសម្របសម្រួល និងប្រសិទ្ធភាព។

ប្រភព៖ ក្រសួងព័ត៌មាន