|

ឯកឧត្តម ហែម វណ្ណឌី ចែករំលែកបទពិសោធរបស់កម្ពុជា នៅក្នុងវេទិកាទឹក និងការអភិវឌ្ឍទីក្រុងឆ្នាំ២០២៥ របស់ធនាគារអភិវឌ្ឍន៍អាស៊ី


នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចូលរួមវេទិកាទឹក និងការអភិវឌ្ឍទីក្រុងឆ្នាំ២០២៥ របស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅទីក្រុងម៉ានីល ដោយបានចែករំលែកជូនអង្គវេទិកាអំពីបទពិសោធ និងភាពជាដៃគូយុទ្ធសាស្ត្រក្នុងបរិវត្តកម្មសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានជួបពិភាក្សាការងារជាមួយអនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី លោក Scott Morris ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ និងការបន្តគាំទ្ររបស់ ADB ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍសហគមន៍ដែលងាយរស់នៅ និងមានភាពធន់ ដោយបន្ស៊ីយុទ្ធសាស្ត្រឆ្នាំ២០៣០ របស់ ADB ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបានលើកឡើងថា៖ “ធនាគារអភិវឌ្ឍន៍អាស៊ីអាចដើរតួនាទីគន្លឹះក្នុងការជំរុញលើកកម្ពស់សហគមន៍ដែលងាយរស់នៅ និងមានភាពធន់នៅកម្ពុជា ដោយប្រកាន់យកអភិក្រមពហុវិមាត្រ ដែលរួមបញ្ចូលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកសាងភាពធន់ នវានុវត្តន៍បច្ចេកវិទ្យា និងការស្រាវជ្រាវ និងអភិវឌ្ឍន៍។”