ឯកឧត្តម ហែម វណ្ណឌី៖ ការធ្វើពិពិធកម្មសេដ្ឋកិច្ចគឺជាស្នូលនៃយុទ្ធសាស្ត្រកំណើនរបស់កម្ពុជា


នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងពិភាក្សាការងារជាមួយ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ ដោយផ្តោតលើតួនាទីសំខាន់របស់មន្ទីរក្នុងការអភិវឌ្ឍឧស្សាហកម្ម និងធុរកិច្ចក្នុងមូលដ្ឋាន។

ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីជូនដល់មន្ត្រីទាំងអស់ និងបានរំលេចពីបេសកកម្មរបស់ក្រសួងក្នុងការសម្រេចឱ្យបាននូវសមិទ្ធផលសំខាន់ថ្មីៗសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧។ ឯកឧត្តមបានលើកទឹកចិត្តថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ឱ្យស្វែងយល់ស៊ីជម្រៅពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេសទាក់ទងនឹងអាណត្តិកិច្ចរបស់ក្រសួង ព្រមទាំងសេវាសាធារណៈសម្រាប់គាំទ្រវិស័យឯកជន។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការធ្វើពិពិធកម្មសេដ្ឋកិច្ចគឺជាស្នូលនៃយុទ្ធសាស្ត្រកំណើនរបស់កម្ពុជា ហើយមន្ទីរជាតួអង្គដ៏សំខាន់ក្នុងការជំរុញដំណើរការនេះទៅមុខ។ ឯកឧត្តមបានលើកឡើងថា៖ “ការធ្វើពិពិធកម្មពាក់ព័ន្ធនឹងក្រសួង-ស្ថាប័នជាច្រើន ប៉ុន្តែក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានតួនាទីស្នូលក្នុងការសម្របសម្រួលគ្រប់គ្រងការអភិវឌ្ឍវិស័យកម្មន្តសាល និងឧស្សាហកម្ម។”

ប្រភព៖ MISTI