| |

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ណែនាំឱ្យបញ្ឈប់ការផ្តល់រង្វាន់តាមក្រវិលកំប៉ុង គម្របដប និងគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ភេសជ្ជៈមានជាតិស្ករក្នុងស្រុក


ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំ ស្តីពី ការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដើម្បីអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាល និងអនុលោមតាមលិខិតលេខ ៤៥២៨ សហវ.ល.ស ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីគោលការណ៍អំពីវិធានការដើម្បីគ្រប់គ្រងផលិតផលស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាក្នុងស្រុក។

ក្នុងសេចក្តីណែនាំនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់លោក-លោកស្រីនាយក បណ្ណាធិករ សហគ្រាសផលិត នាំចូល និងចែកចាយផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករទាំងអស់ ព្រមទាំងសាធារណជន ឱ្យអនុវត្តតាមខ្លឹមសារមួយចំនួន។

ជាមួយគ្នានេះ ក្រសួងបានណែនាំឱ្យ បញ្ឈប់ទាំងស្រុង រាល់ការផ្តល់ ឬប្តូរជារង្វាន់ តាមរយៈក្រវិលកំប៉ុង គម្របដប ឬរង្វាន់ក្នុងទម្រង់ផ្សេងៗ ដែលភ្ជាប់ ឬមិនភ្ជាប់នឹងកំប៉ុង ដប សំបកវេចខ្ចប់ ឬកេសផលិតផល ជាអាទិ៍មាន ការចាប់ឆ្នោត កាតកោស គូប៉ុង បណ្ណប្តូររង្វាន់ QR Code និងកម្មវិធីរង្វាន់ឌីជីថលផ្សេងៗ ជាដើម ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត។

ទោះជាយ៉ាងណា មិនអនុញ្ញាតឱ្យមានការចែកចាយ ឬផ្តល់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដោយឥតគិតថ្លៃឡើយ។

តានរយៈសេចក្តីណែនាំ ក៏បានកំណត់ថា គ្រប់សហគ្រាសទាំងអស់ រួមទាំងសហគ្រាសផលិត និងអ្នកចែកចាយបន្ត ត្រូវបញ្ឈប់រាល់ការបញ្ជាទិញ នាំចូល ឬផលិតថ្មីនូវក្រវិលកំប៉ុង គម្របដប ឬសំបកវេចខ្ចប់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដែលមានរង្វាន់ ឬដាក់រង្វាន់ក្នុងកេសផលិតផលទាំងនោះបន្តទៀត ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅ។

ដោយឡែក អត្ថប្រយោជន៍ផ្សេងៗក្រៅពីផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ក្រសួងអនុញ្ញាតឱ្យមានការលក់ដោយមានបន្ថែមអត្ថប្រយោជន៍ផ្សេងៗ ជាទំនិញ ឬសេវាផ្សេងៗ ក្រៅពីផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ជាអាទិ៍មាន កែវ ឆត្រ ធុងទឹកកក ដបទឹក អាវ មួក ឬកញ្ចប់ដំណើរកម្សាន្ត ជាដើម ដែលមានតម្លៃមិនលើសពី ៥% នៃថ្លៃលក់កត់ត្រាលើវិក្កយបត្រ។

បន្ថែមលើនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សង្ឃឹមយ៉ាងមុតមាំថា លោក-លោកស្រីនាយក បណ្ណាធិការ និងកម្មសិទ្ធិករ សហគ្រាសផលិត នាំចូល និងចែកចាយផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករទាំងអស់ ព្រមទាំងសាធារណជន នឹងចូលរួមអនុវត្តតាមសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។

ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ