កូរ៉េខាងជើងរិះគន់អាម៉េរិកចំពោះការគាំទ្រ និងលក់អាវុធឱ្យតៃវ៉ាន់ ដោយចោទថាកំពុងបង្កើនភាពតានតឹងជុំវិញកោះតៃវ៉ាន់


សេអ៊ូល៖ ប្រទេសកូរ៉េខាងជើងបានរិះគន់សហរដ្ឋអាម៉េរិក ចំពោះការលក់អាវុធ និងការគាំទ្រផ្នែកយោធាដល់តៃវ៉ាន់ ដោយចោទថា ទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដែលបានចុះផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

ក្នុងសេចក្តីអត្ថាធិប្បាយមួយរបស់ KCNA ដែលដកស្រង់សម្តីអ្នកវិភាគកិច្ចការអន្តរជាតិកូរ៉េខាងជើង លោក Kim Myong Chol បានលើកឡើងថា គោលនយោបាយរបស់សហរដ្ឋអាម៉េរិកចំពោះតៃវ៉ាន់ កំពុងប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ការរិះគន់នេះ កើតឡើងបន្ទាប់ពីយន្តហោះចម្បាំង F-16V Block 70 ចំនួន២គ្រឿង ក្នុងចំណោមយន្តហោះថ្មីចំនួន៦៦គ្រឿង ដែលតៃវ៉ាន់បានបញ្ជាទិញពីសហរដ្ឋអាម៉េរិកក្នុងឆ្នាំ២០១៩ បានមកដល់តៃវ៉ាន់កាលពីសប្តាហ៍មុន ខណៈតៃវ៉ាន់កំពុងប្រឈមនឹងការកើនឡើងនៃសម្ពាធយោធាពីចិន។

ក្នុងជំនួបកំពូលនៅទីក្រុងព្យុងយ៉ាង កាលពីខែមិថុនា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ក៏បានបញ្ជាក់ប្រាប់ប្រធានាធិបតីចិន លោក Xi Jinping ថា កូរ៉េខាងជើងនឹងគាំទ្រយ៉ាងពេញលេញចំពោះគោលការណ៍ «ចិនតែមួយ» (One China) ដែលចិនចាត់ទុកថា ភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ជាផ្នែកនៃប្រទេសតែមួយ។

សូមបញ្ជាក់ថា កន្លងមកចិនចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងបានទាមទារឱ្យសហរដ្ឋអាម៉េរិកបញ្ឈប់ការលក់អាវុធទៅតៃវ៉ាន់។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលតៃវ៉ាន់បានអះអាងថា ទីក្រុងប៉េកាំងគ្មានសិទ្ធិទាមទារកោះនេះ ឬតំណាងឱ្យតៃវ៉ាន់នៅលើឆាកអន្តរជាតិឡើយ។

ប្រភព៖ Reuters