|

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេីវិញ្ញាសាសរសេរលេីកទី២ បានចាប់ផ្ដើម


នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលេីកទី២) នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេីវិញ្ញាសាសរសេរលេីកទី២នេះ មានបេក្ខជនដែលមានសិទ្ធិប្រឡងសរុបចំនួន ៨០៨នាក់ ក្នុងនោះ ស្រីមានចំនួន ៤៤៦នាក់ ដែលនឹងធ្វើការប្រឡងលើវិញ្ញាសាជំនាញពន្ធដារ។

បេក្ខជន ត្រូវបានគណៈកម្មការប្រឡង និងក្រុមការងារពាក់ព័ន្ធ ពិនិត្យរកសំណៅឯកសារ និងសម្ភារហាមឃាត់មុនឱ្យបេក្ខជនចូលបន្ទប់ប្រឡង ដោយមានការសម្របសម្រួល និងផ្តល់ព័ត៌មានផ្សេងៗពីក្រុមយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។

គួរបញ្ជាក់ថា ក្នុងដំណើរការប្រឡងនារសៀលនេះ មានការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសាជានិមិត្តរូប ដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តមហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត។