ក្រសួងសេដ្ឋកិច្ច និង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះ MoU ផ្តល់ឥណទានសម្បទានចំនួន ២៥០ លានដុល្លារ សម្រាប់គាំទ្រការអនុវត្តកម្មវិធីអន្តរាគមន៍បន្ទាន់


នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី យ៉ាសមីន ស៊ីឌីភី នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានចុះ ហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់ “កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច (RISE)” មាន ទំហំហិរញ្ញប្បទានសរុបចំនួន ២៥០ លានដុល្លារអាម៉េរិក ។

កម្មវិធី RISE មានគោលបំណងគាំទ្រដល់ការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ ពហុវិបត្តិ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាព ធន់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីឆ្លើយតបនឹងផលប៉ះពាល់អវិជ្ជមានជាបន្តបន្ទាប់ ដែលបណ្តាលមកពីពហុវិបត្តិ និងភាពមិន ប្រាកដប្រជាខ្ពស់នៃស្ថានភាពសកល និងតំបន់។

ដោយឡែក កម្មវិធី RISE ក៏ផ្តោតលើសម្មិទ្ធិផលគន្លឹះចំនួន៣រួមមាន៖ ១. ការកាត់បន្ថយផល ប៉ះពាល់ជាបណ្តោះអាសន្នពីការប្រែប្រួលខ្លាំងនៃថ្លៃប្រេងឥន្ធនៈលើសេដ្ឋកិច្ច; ២. ការផ្តល់ជំនួយហិរញ្ញវត្ថុចំគោលដៅ និងការគាំទ្រ សកម្មភាពកសិកម្មជូនគ្រួសារ ងាយរងគ្រោះ និង ៣. ការពន្លឿនអន្តរកាលបៃតង សំដៅពង្រឹងភាពធន់ និងភាពឆ្លើយតបចំពោះ វិបត្តិថាមពលជា យថាហេតុនាពេលអនាគត ។ ការទទួលបានហិរញ្ញប្បទានសម្រាប់ កម្មវិធី RISE ក្រោមយន្តការ CSF នាពេលនេះ មិនត្រឹមតែជាការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណោះស្រាយទាន់ពេលវេលា ដើម្បីជួយទ្រទ្រង់សេដ្ឋ កិច្ចកម្ពុជាឱ្យឆ្លងផុតពីកាលៈទេសៈដ៏លំបាកនេះ និងរក្សាសន្ទុះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

គួរបញ្ជាក់ថា “កម្មវិធី”នេះមិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ADB ប៉ុណ្ណោះទេ ប៉ុន្តែ ADB បានដើរតួជាកាតាលីករដ៏សំខាន់ ក្នុងការ កៀរគរហិរញ្ញប្បទានបន្ថែមសម្រាប់ជួយដល់កម្ពុជា ពិសេសក្នុងកាលៈទេៈដែលកម្ពុជាត្រូវការជាក់ស្តែង និងបន្ទាន់ដូចជាវិបត្តិទឹកជំនន់ ឆ្នាំ២០០០-២០០១, វិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ និងវិបត្តិកូវីដ-១៩ នាពេលកន្លងមកជាដើម។

ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ