ទាហានអាមេរិកនៅអូគីណាវ៉ា ត្រូវហាមឃាត់ការចេញក្រៅ និងផឹកស្រា ក្រោយករណីឃាតកម្មលើស្ត្រីជប៉ុន


តូក្យូ៖ កងទ័ពអាម៉េរិកដែលឈរជើងនៅកោះអូគីណាវ៉ា ប្រទេសជប៉ុន ត្រូវបានដាក់ឱ្យអនុវត្តបម្រាមចេញក្រៅរយៈពេលមួយខែ និងហាមផឹកគ្រឿងស្រវឹង។ ការហាមនេះ ធ្វើឡើង ក្រោយទាហានម៉ារីនអាម៉េរិកម្នាក់ត្រូវបានសង្ស័យពាក់ព័ន្ធនឹងករណីសម្លាប់ និងប្លន់ស្ត្រីជប៉ុនម្នាក់។

យោងតាមសារព័ត៌មាន CNA បានឱ្យដឹងថា លោក Devin Jacob Ballard មានអាយុ២០ឆ្នាំ ដែលមានឋានៈជា Lance Corporal ក្នុងកងម៉ារីនអាម៉េរិក ត្រូវបានសង្ស័យថា បានសម្លាប់លោកស្រី Anna Yagi អាយុ៣៩ឆ្នាំ នៅក្នុងសណ្ឋាគារមួយក្នុងទីក្រុងណាហា រដ្ឋធានីខេត្តអូគីណាវ៉ា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ និងបានយកកាបូបលុយ និងកាបូបស្ពាយរបស់ជនរងគ្រោះនោះទៀតផង។ ទោះជាយ៉ាងណា លោក Ballard បានបដិសេធការចោទប្រកាន់នេះ។

ជាមួយគ្នានេះ មេបញ្ជាការកងម៉ារីនអាម៉េរិកប្រចាំតំបន់ លោកឧត្តមសេនីយ៍ទោ Benjamin Watson បានបញ្ជាឱ្យអនុវត្តវិធានការរឹតបន្តឹងទាំងនេះ ដោយលើកឡើងថា រាល់ទំនាក់ទំនងរបស់កងទ័ពអាម៉េរិកជាមួយសហគមន៍មូលដ្ឋាន អាចជួយពង្រឹង ឬបំផ្លាញទំនុកចិត្តដែលមានសារៈសំខាន់ចំពោះសម្ព័ន្ធភាព និងសន្តិសុខក្នុងតំបន់។ លោកក៏បានប្រកាសផ្អាកប្រតិបត្តិការយោធាអាម៉េរិកទាំងអស់នៅអូគីណាវ៉ារយៈពេល ៤៨ម៉ោង ដើម្បីឱ្យទាហានចូលរួមការបណ្តុះបណ្តាលស្តីពីស្តង់ដារ និងវិន័យ។

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានហៅករណីសម្លាប់នេះថា ជាអំពើ «ឃោរឃៅធ្ងន់ធ្ងរ» ហើយរដ្ឋាភិបាលជប៉ុន បានតវ៉ាយ៉ាងខ្លាំងទៅកាន់សហរដ្ឋអាម៉េរិក និងទាមទារឱ្យចាត់វិធានការដើម្បីទប់ស្កាត់ករណីស្រដៀងគ្នានេះនៅពេលអនាគត។

ករណីនេះបានបង្កឱ្យមានការតវ៉ានៅទីក្រុងណាហា និងតូក្យូ ហើយបង្កើនការព្រួយបារម្ភជាថ្មីអំពីវត្តមានកងទ័ពអាម៉េរិកដ៏ធំនៅអូគីណាវ៉ា។ ទន្ទឹមនេះ អភិបាលខេត្តអូគីណាវ៉ា លោក Genta Koja គ្រោងជួបលោកស្រី Takaichi នៅថ្ងៃទី៧ ខែតុលា ដើម្បីពិភាក្សាអំពីការឆ្លើយតបចំពោះករណីនេះ។

សូមបញ្ជាក់ថា ជប៉ុនមានកងកម្លាំងអាម៉េរិកឈរជើងនៅក្រៅសហរដ្ឋអាម៉េរិកច្រើនជាងគេក្នុងពិភពលោក ហើយក្នុងចំណោមទាហានម៉ារីនអាម៉េរិកប្រមាណ ១៨,០០០នាក់ ដែលឈរជើងនៅជប៉ុន ភាគច្រើនស្ថិតនៅអូគីណាវ៉ា។ វត្តមានកងទ័ពអាម៉េរិកនៅអូគីណាវ៉ា បានបង្កការមិនពេញចិត្តពីប្រជាជនមូលដ្ឋានជាបន្តបន្ទាប់ ដោយសារបញ្ហាសំឡេងរំខាន គ្រោះថ្នាក់យន្តហោះ និងអាកប្បកិរិយារបស់ទាហាន។ ដោយឡែក ក៏ធ្លាប់មានករណីរំលោភស្ត្រីអាយុ១២ឆ្នាំនៅឆ្នាំ១៩៩៥ ដោយទាហានអាម៉េរិក៣នាក់ និងបង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំផងដែរ។

យ៉ាងណាមិញ ចំពោះករណីថ្មីនេះ អាចធ្វើឱ្យកិច្ចខិតខំរបស់រដ្ឋាភិបាលជប៉ុន ក្នុងការផ្លាស់ទីកងម៉ារីនមួយចំនួនពីមូលដ្ឋានទ័ពអាកាស Futenma ទៅកាន់ទីតាំង Henoko ដែលស្ថិតនៅតំបន់ឆ្ងាយជាងនេះ ប្រឈមនឹងភាពស្មុគស្មាញបន្ថែម។ គួរបញ្ជាក់ថា កោះអូគីណាវ៉ា ស្ថិតនៅចម្ងាយប្រហែល ១០០គីឡូម៉ែត្រពីតៃវ៉ាន់ នៅចំណុចជិតបំផុត និងត្រូវបានទីក្រុងតូក្យូ និងវ៉ាស៊ីនតោនចាត់ទុកថា មានសារៈសំខាន់សម្រាប់ការទប់ស្កាត់ហានិភ័យយោធាដែលអាចកើតមានពីចិន។

ប្រភព៖ CNA