សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិអាមេរិក (DFC) សម្រេចផ្ដល់ហិរញ្ញប្បទាន ១០០ លានដុល្លារ ដល់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ!


នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៦ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (DFC) បានអនុម័តទឹកប្រាក់ចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីគាំទ្រដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា។

ការព្រមព្រៀងនេះ ត្រូវបានសម្រេច បន្ទាប់ពីការសិក្សាវាយតម្លៃយ៉ាងយកចិត្តទុកដាក់ ក្នុងនោះរួមមាន សមិទ្ធលទ្ធភាពនៃគម្រោង លើតថភាពលក្ខណៈបច្ចេកទេស ប្រតិបត្តិការ ការវាយតម្លៃហេតុនិងផលប៉ះពាល់បរិស្ថាន និងសង្គម (ESIA)ផងដែរ។

ការសម្រេចបានដ៏សំខាន់នេះ គឺបានមកពីការខិតខំនិងទំនាក់ទំនងរយះពេលជាច្រើនឆ្នាំ រវាងក្រុមហ៊ុនសម្ព័ន្ធកាណាឌីយ៉ា និង OCIC ជាមួយស្ថាប័នផ្សេងៗរបស់សហរដ្ឋអាមេរិក រួមមានស្ថានទូតសហរដ្ឋអាមេរិក សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា និងបណ្តាក្រុមហ៊ុនអាមេរិកជាច្រើនផ្សេងទៀតដូចជា General Electric, OTIS, Caterpillar, Ford និង Apple ។

ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនសម្ព័ន្ធកាណាឌីយ៉ា និង OCIC លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានប្រសាសន៍ថា “យើងមានសេចក្តីសោមនស្សរីករាយស្វាគមន៍ សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (DFC) ក្នុងនាមជាដៃគូក្នុងគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ។ នេះគឺជាការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់ការរីកចម្រើននិងលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ និងពិភពលោក”។

ដោយឡែក DFC ក៏បានបញ្ជាក់ថា “ការវិនិយោគនេះនឹងគាំទ្រដល់ការពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា និងលើកកម្ពស់ឱកាសសេដ្ឋកិច្ចកាន់តែទូលំទូលាយសម្រាប់ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍។ ការសម្រេចបាននេះ បានគូសបញ្ជាក់ពីតួនាទីរបស់ DFC ក្នុងនាមជាដៃគូដែលមានសមត្ថភាពក្នុងការផ្តល់ទុនហិរញ្ញាវត្ថុ ជំនាញពិសោធន៍ និងការច្នៃប្រឌិត ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់បំផុតមួយនេះរបស់ព្រះរាជាណាចក្រកម្ពុជា”។

ប្រភព៖ ក្រសួងព័ត៌មាន