ជប៉ុនផ្ដល់ជំនួយសង្គ្រោះបន្ទាន់ ១,៨ លានដុល្លារ ទៅតំបន់ព្រំដែនកម្ពុជា–ថៃ
រដ្ឋាភិបាលជប៉ុនប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដោយមានទឹកប្រាក់សរុបប្រមាណ ១,៨ លានដុល្លារអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌នៅតាមតំបន់ព្រំដែនកម្ពុជា–ថៃ។
តាមសេចក្តីថ្លែងការណ៍ពីឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី ជំនួយនេះនឹងអនុវត្តតាមរយៈអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) ដោយផ្តោតលើការចែកសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងជម្រកបណ្តោះអាសន្នសម្រាប់អ្នករងគ្រោះ។

រដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា ជប៉ុនគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌរវាងកម្ពុជា និងថៃ ហើយសង្ឃឹមថា ស្ថានភាពសន្តិភាពនឹងត្រឡប់មកវិញឆាប់រហ័ស។

ជាមួយគ្នានេះ លោកអ៊ូអិណុ និងវរសេនីយឯក ហារ៉ា តាកាស៊ី អនុព័ន្ធយោធានៃស្ថានទូតជប៉ុន បានដឹកនាំក្រុមការងារទស្សនកិច្ចទៅតំបន់ព្រំដែន ដើម្បីសង្កេតស្ថានភាពជាក់ស្តែង។ លោកបានបង្ហាញការគ្រាំគ្រាចិត្តយ៉ាងជ្រាលជ្រៅចំពោះទំហំនៃការខូចខាត និងក្តីលំបាករបស់ប្រជាពលរដ្ឋ។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា បន្តប្តេជ្ញាផ្តល់ការគាំទ្រ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជួយស្តារសន្តិភាព និងជួយសង្គ្រោះដល់អ្នករងគ្រោះនៅក្នុងប្រទេសកម្ពុជា។















