ឥណ្ឌូនេស៊ី ចាប់ខ្លួនអតីតប្រធានទីភ្នាក់ងារអាហារូបត្ថម្ភជាតិ ក្រោយផ្ទុះរឿងអាស្រូវពុករលួយ និងករណីពុលអាហារទ្រង់ទ្រាយធំ!


អាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានចាប់ខ្លួនលោក Dadan Hindayana អតីតប្រធានទីភ្នាក់ងារអាហារូបត្ថម្ភជាតិ (National Nutrition Agency) ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកត្រូវបានប្រធានាធិបតី Prabowo Subianto បណ្តេញចេញពីតំណែង។ ការចាប់ខ្លួននេះពាក់ព័ន្ធនឹងករណីពុករលួយ និងភាពមិនប្រក្រតីក្នុងកម្មវិធីផ្តល់អាហារឥតគិតថ្លៃដល់សិស្សានុសិស្ស ដែលជាគោលនយោបាយសំខាន់របស់រដ្ឋាភិបាល។

យោងតាមការិយាល័យអគ្គរដ្ឋអាជ្ញាឥណ្ឌូណេស៊ី លោក Dadan និងមន្ត្រីជាន់ខ្ពស់ពីររូបទៀត ត្រូវបានចោទប្រកាន់ពីបទ «ឧក្រិដ្ឋកម្មក្នុងការគ្រប់គ្រងកម្មវិធី»នេះ រួមទាំងការរៀបចំប្រព័ន្ធអនុម័តដៃគូអនុវត្តកម្មវិធីដោយមិនត្រឹមត្រូវ និងការបន្ថែមតម្លៃលទ្ធកម្មសម្ភារៈជាច្រើន រួមមាន ម៉ូតូអគ្គិសនីជាង ២១,០០០ គ្រឿង ស្បែកជើងប្រមាណ ៣២,០០០ គូ និងទូរទស្សន៍ជាង ៥,៤០០ គ្រឿង ដែលបណ្តាលឱ្យមានការខាតបង់ថវិការដ្ឋយ៉ាងច្រើន។

មុនការចាប់ខ្លួន អាជ្ញាធរបានឆ្មក់ចូលឆែកឆេរការិយាល័យទីភ្នាក់ងារអាហារូបត្ថម្ភជាតិ និងលំនៅឋានរបស់ជនសង្ស័យ។ ក្រុមស៊ើបអង្កេតបានអះអាងថា មូលនិធិ និងអង្គភាពមួយចំនួនដែលទទួលខុសត្រូវលើការផ្គត់ផ្គង់អាហារដល់សាលារៀន ត្រូវបានប្រើប្រាស់ជាមធ្យោបាយប្រព្រឹត្តអំពើខុសច្បាប់ និងទទួលបានការអនុញ្ញាតទោះបីមិនបំពេញលក្ខខណ្ឌក៏ដោយ។

គួរបញ្ជាក់ថា កម្មវិធីអាហារឥតគិតថ្លៃនេះ គឺជាគម្រោងដ៏ធំបំផុតមួយរបស់ប្រធានាធិបតី Prabowo Subianto រដ្ឋាភិបាលឥណ្ឌូណេស៊ី ដែលកំណត់ថវិកាយ៉ាងហោចណាស់ ១៥ ពាន់លានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធីនេះ ដែលមានគោលដៅផ្តល់អាហារដល់កុមារ និងស្ត្រីមានផ្ទៃពោះ ឬមាតាបំបៅដោះកូនជិត ៨៣ លាននាក់ ស្មើនឹងប្រមាណមួយភាគបីនៃប្រជាជនសរុបរបស់ប្រទេស។ទោះជាយ៉ាងណា កម្មវិធីនេះបានរងការរិះគន់ជាបន្តបន្ទាប់ បន្ទាប់ពីមានករណីពុលអាហារទ្រង់ទ្រាយធំ និងអំពើពុករលួយក្នុងការគ្រប់គ្រងថវិកា។

យ៉ាងណាមិញ បើទោះបីមានរឿងអាស្រូវនេះក៏ដោយ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានបញ្ជាក់ថា កម្មវិធីផ្តល់អាហារឥតគិតថ្លៃនឹងបន្តដំណើរការដដែល ខណៈអាជ្ញាធរកំពុងពង្រឹងការត្រួតពិនិត្យ និងស្វែងរកការទទួលខុសត្រូវពីមន្ត្រីពាក់ព័ន្ធ។

ប្រភព៖ CNA