|

ឥណ្ឌូនេស៊ី កាន់តែពង្រីកសក្តានុពលសមត្ថភាពការពារជាតិរបស់ខ្លួន ក្រោយទទួលយន្តហោះចម្បាំង Rafale ចំនួន ៦គ្រឿង និងសម្ភារៈទំនើបកម្មយោធាពីបារាំង!


ប្រធានាធិបតីឥណ្ឌូនេស៊ី Prabowo Subianto បានប្រកាសថា ប្រទេសឥណ្ឌូនេស៊ីនឹងបន្តពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មឧបករណ៍យោធា និងការពង្រីកប្រព័ន្ធការពារដែនអាកាស។

ការប្រកាសនេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងពិធីប្រគល់សម្ភារៈការពារជាតិថ្មី នៅមូលដ្ឋានទ័ពអាកាសមួយក្នុងទីក្រុងហ្សាការតា។ ក្នុងពិធីនោះ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានផ្ដល់យន្តហោះចម្បាំង Dassault Rafale ចំនួន៦គ្រឿង ដែលផលិតដោយប្រទេសបារាំង ជូនដល់កងយោធាអាកាសរបស់ខ្លួន។ ក្រៅពីយន្តហោះ Rafale រដ្ឋាភិបាលឥណ្ឌូនឹសុី ក៏បានដាក់ឱ្យប្រើប្រាស់យន្តហោះ Dassault Falcon 8X ចំនួន៤គ្រឿង និងយន្តហោះដឹកជញ្ជូនយោធា Airbus A400M Atlas មួយគ្រឿងផងដែរ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ ឥណ្ឌូនេស៊ីបានចុះកិច្ចព្រមព្រៀងតម្លៃប្រមាណ ៨,១ ពាន់លានដុល្លារអាមេរិក ជាមួយប្រទេសបារាំង ដើម្បីទិញយន្តហោះ Rafale សរុបចំនួន៤២គ្រឿង ក្នុងគោលបំណងធ្វើទំនើបកម្មកម្លាំងការពារជាតិរបស់ខ្លួន។

បើយោងតាមក្រសួងការពារជាតិឥណ្ឌូនេស៊ី យន្តហោះ Rafale ទាំង៦គ្រឿងនេះ នឹងជួយពង្រឹងប្រព័ន្ធការពារដែនអាកាស និងបង្កើនសមត្ថភាពប្រតិបត្តិការរបស់កងទ័ពអាកាសឥណ្ឌូនេស៊ី។

ដោយឡែក ការធ្វើទំនើបកម្មយោធានេះ ក៏ជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងឥណ្ឌូនេស៊ី និងបារាំងផងដែរ បន្ទាប់ពីជំនួបរវាងប្រធានាធិបតី Prabowo Subianto និងប្រធានាធិបតីបារាំង Emmanuel Macron កាលពីខែមុន នៅទីក្រុងប៉ារីស។

ប្រភព៖ Reuters