កម្ពុជា-ចិន ឯកភាពគ្នាដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួងនៃប្រទេសទាំងពីរ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការ និងការវិវត្តនៃសភាពការណ៍តំបន់-អន្តរជាតិ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញពី លទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ រាជធានីភ្នំពេញ។
កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងកម្ពុជានិងចិនត្រូវបានរៀបចំឡើងនៅថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ត្រូវបានអញ្ជើញចូលរួមដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯខាងភាគីចិនគឺដោយ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និង ឯកឧត្តម តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិ ។



គួរបញ្ជាក់ថា កិច្ចសន្ទនាលើកដំបូងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃទំនាក់ទំនងកម្ពុជា-ចិន ដែលឆ្លុះបញ្ចាំង ឱ្យឃើញពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការពង្រឹងកិច្ចសម្របសម្រួលជាយុទ្ធសាស្ត្រ និងជំរុញការ កសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។
ចំពោះសមិទ្ធផល ដែលសម្រេចបាន ភាគីទាំងពីរ បានឯកភាពគ្នាថា យន្តការ «២+២» នេះ នឹងដើរតួនាទីជាវេទិកាដ៏សំខាន់មួយ ក្នុងការ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នា ឆ្លើយតប ចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើង ទាំងក្នុងប្រទេសរៀងៗខ្លួន ទាំងក្នុងតំបន់និងសកល លោក។ ដូចគ្នាដែរ ភាគីទាំងពីរ ក៏បានឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួង មហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បី ឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ។
ដោយឡែក នាពេលអនាគត កម្ពុជា និងចិន ប្ដេជ្ញារួមគ្នាធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវកិច្ចសហ- ប្រតិបត្តិការជាក់ស្តែង ទាំងក្នុងវិស័យជាប្រពៃណី និងវិស័យថ្មីៗដែលមានសក្តានុពល រួមមាន បរិវត្តកម្ម ឌីជីថល ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចពណ៌ខៀវ ការតភ្ជាប់ ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ កិច្ចសហ ប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។
ក្នុងបរិបទនេះ ភាគីទាំងពីរបានបញ្ជាក់ សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសំខាន់ៗ រួមមានក្របខ័ណ្ឌ កិច្ចសហ ប្រតិបត្តិការត្បូងពេជ្រ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ ដែលនឹងបន្ត ជំរុញឱ្យមានលទ្ធផលជាក់ស្តែង និងមានផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
ដោយឡែក ភាគីទាំងពីរ ក៏បានបញ្ជាក់សាជាថ្មី នូវការតាំងចិត្តរួមគ្នា ក្នុងការជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលមិនត្រឹមតែរួមចំណែកដល់វិបុលភាពនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោកផងដែរ។
ប្រភព៖ ក្រសួងការបរទេស















