ថៃបញ្ជូនយន្តហោះចម្បាំង F-16 ចំនួន២គ្រឿង ស្ទាក់ចាប់យន្តហោះអនាមិកក្បែរព្រំដែនមីយ៉ាន់ម៉ា !


នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ កងទ័ពអាកាសថៃបានបញ្ជូនយន្តហោះចម្បាំង F-16 ចំនួន២គ្រឿង ឱ្យហោះឡើងជាបន្ទាន់ ដើម្បីស្ទាក់ចាប់ និងកំណត់អត្តសញ្ញាណយន្តហោះមិនស្គាល់ប្រភពមួយ ដែលត្រូវបានប្រទះឃើញនៅក្បែរព្រំដែន ក្នុងស្រុកផុបប្រា ខេត្តតាក ជាប់ព្រំដែនមីយ៉ាន់ម៉ា។

យោងតាមសារព័ត៌មានថៃ Khaosod English បានផ្សាយបន្តឱ្យដឹងថាយន្តហោះអនាមិកនេះត្រូវបានប្រព័ន្ធរ៉ាដាកងទ័ពអាកាសថៃរកឃើញនៅម៉ោងប្រមាណ ១០:៣៥នាទីព្រឹក ក្នុងរយៈកម្ពស់ប្រហែល ១១.០០០ហ្វីត និងមានទិសដៅឆ្ពោះមកកាន់ដែនអាកាសថៃ។

ជាការឆ្លើយតប ភ្លាមៗកងទ័ពអាកាសថៃបានបញ្ជូនយន្តហោះចម្បាំង F-16 ចំនួន២គ្រឿង ចេញពីមូលដ្ឋានទ័ពអាកាសលេខ៤ ក្នុងខេត្តណាខនសាវ៉ាន់ ដើម្បីអនុវត្តប្រតិបត្តិការស្ទាក់ចាប់ និងកំណត់អត្តសញ្ញាណយន្តហោះនោះ តាមនីតិវិធីការពារដែនអាកាស។

ប្រភព៖ Khaosod