|

លោក កង ឫទ្ធីសាល អតីតប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ទទួលបានពានរង្វាន់អ្នកដឹកនាំឆ្នើម នៃកម្មវិធី SSEAYP អន្តរជាតិ ឆ្នាំ២០២៤


យុវជនចូលរួមកម្មវិធីឆ្នាំ២០០៣ និងជាអតីតប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ឆ្នាំ២០០៧-២០០៨ លោក កងឫទ្ធីសាល បានទទួល «SI Award 2024» ដែលជាពានរង្វាន់អ្នកដឹកនាំឆ្នើម នៃកម្មវិធី SSEAYP អន្តរជាតិ ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ មហាសន្និបាតអន្តរជាតិនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនលើកទី៣៣ ដែលហៅជាភាសាអង់គ្លេសថា 33rd SSEAYPInternational General Assembly (SIGA) 2024។

លោក កង ឫទ្ធីសាល អតីតប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា

យោងតាមលក្ខន្តិកៈរបស់លេខាធិការដ្ឋានអន្តរជាតិ នៃកម្មវិធី SSEAYP ចាប់តាំងពីឆ្នាំ១៩៩៦មក ពានរង្វាន់អ្នកដឹកនាំឆ្នើម ត្រូវបានប្រគល់ជូនជារៀងរាល់ ៣ ឆ្នាំម្តង ដើម្បីផ្តល់កិតិ្តយសចំពោះ បុគ្គល ឬស្ថាប័ន មកពីបណ្តាប្រទេសអាស៊ាននិងជប៉ុន ដែលមានគុណសម្បត្តិល្អប្រសើរនិងលេចធ្លោ ក្នុងការដឹកនាំសម្រេចបាននូវវឌ្ឍនភាពនិងសមិទ្ធផលសំខាន់ៗ របស់កម្មវិធី SSEAYPនិងការអភិវឌ្ឍសហគមន៍។

សូមជម្រាបថា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា ជាសមាគមអតីតអ្នកចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ដែលជាកម្មវិធីផ្លាស់ប្តូរយុវជនក្នុងតំបន់ដ៏ធំមួយ ចាប់បដិសន្ធិតាំងពីឆ្នាំ១៩៧៤មកម្ល៉េះ និងមានយុវជនចូលរួមមកពីបណ្តាប្រទេស   អាស៊ាននិងជប៉ុន សរុបប្រមាណជាង១២០០០នាក់។ កម្ពុជាបានចូលរួមពេញសិទ្ធិក្នុងកម្មវិធីនេះ កាលពីឆ្នាំ២០០០ បន្ទាប់មក សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤។ បច្ចុប្បន្ន សមាគមមានសមាជិកកម្ពុជាសរុបចំនួន៦០០ នាក់ ដែលភាគច្រើនបាននិងកំពុងក្លាយជាថ្នាក់ដឹកនាំជំនាន់ថ្មី ក្នុងតួនាទីសំខាន់ៗ ទាំងក្នុងវិស័យរដ្ឋ និង វិស័យ ឯកជន។