|

ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ឃួង ស្រេង អញ្ជើញជាអធិបតីពិធីប្រុងពលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦


នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រុងពលី បួងសួងសុំសេចក្ដីសុខ ដើម្បីបើកការដ្ឋានសាងសង់ទីតាំងព្រឹត្តិការណ៍នគរសង្ក្រាន្ត ព.ស. ២៥៦៩ – ២៥៧០ គ.ស. ២០២៦ ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រាជធានីភ្នំពេញ។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការកណ្តាលស.ស.យ.ក. ក្រុមការងាររៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តជាច្រើនរូប។

គោលបំណងសំខាន់នៃការរៀបចំពិធីប្រុងពលីនេះ ធ្វើឡើងដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយ ម្ចាស់ទឹកម្ចាស់ដី សូមឱ្យការសាងសង់ទីតាំង និងការរៀបចំនានានៃព្រឹត្តិការណ៍នគរសង្រ្កាន្ត ឆ្នាំ២០២៦ ដំណើរការទៅដោយរលូន និងមានសេចក្តីសុខ សិរីសួស្តីដល់ក្រុមការងារគ្រប់គ្នា។

សូមជម្រាបថា ព្រឹត្តិការណ៍នគរ នឹងត្រូវរៀបចំឡើងក្រោមកិច្ចសហការរវាង ស.ស.យ.ក. និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បន្តថែរក្សា និងលើកស្ទួយនូវរាល់វប្បធម៌ អត្តសញ្ញាណជាតិ ព្រមទាំងជាការផ្សារភ្ជាប់ការដឹងគុណចំពោះវីរកងទ័ពដែលបានលះបង់ និងកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែនផងដែរ។