រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ចំពោះបញ្ហាស្ទះលូ ទឹកលិចពេលភ្លៀងធ្លាក់ គណៈអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវម្ចាស់ការក្នុងដែនដីខ្លួន មិនត្រូវពឹងផ្អែកលើគណៈអភិបាលរាជធានី-ខេត្តចុះទៅផ្ទាល់ទេ
ថ្លៃងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ កាលពីរសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហារផ្ទៃ បានលើកឡើងថា អ្វីដែលថ្នាក់ជាតិបានដាក់ចេញកន្លងមកទោះមិនត្រូវស្របតាមគ្រប់ជ្រុងជ្រោយ យ៉ាងណាយើងក្នុងនាមជា គណៈអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវម្ចាស់ការក្នុងដែនដីខ្លួន ដោយមិនត្រូវផ្អែកលើគណៈអភិបាលរាជធានី ខេត្ត ចុះផ្ទាល់ ដែលជាអង្គទទួលគោលនយោបាយពីថ្នាក់ជាតិនោះទេ គួរមានការអនុវត្តនូវកិច្ចការរបស់ខ្លួនដែលជាម្ចាស់ផ្ទះឲ្យបានល្អនិងសព្វគ្រប់។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ចំពោះកិច្ចការងារអភិបាលខណ្ឌទាំងអស់ ដូចទៅនិងរដ្ឋមន្រ្តីនៅក្នុងខណ្ឌរបស់ខ្លួនដូច្នោះដែរ បើទោះជា គណៈរដ្ឋមន្រ្តីត្រូវចុះមកណែនាំជារៀងរាល់ឆ្នាំក៏ដោយ គួរឈ្វេងយល់និងអនុវត្តវិធានការណ៍បែបណា ដើម្បីបំពេញតួនាទីជាស្នូលរបស់ខ្លួន។
ដោយឡែកឯកឧត្តមក៏បានបញ្ជាក់ថា នៅក្នុងមូលដ្ឋានរបស់ខ្លួន បើសិនជាមានកិច្ចការណាមួយដែលឈានទៅដល់ការរំលោភផ្លូវប្រជារដ្ឋ ឬគម្រោងសំណង់ណាមួយដែលអាចប៉ះពាល់ដល់សហគមន៍ក្នុងតំបន់ តំណាងខេត្តនីមួយៗគួរតែមានគោលការណ៍អនុវត្តជាបន្ទាន់ផងដែរ៕
















