|

«ទោះបីជាការធ្វើវិមជ្ឈការមុខងារអប់រំ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រសួងអប់រំ នៅតែជាស្ថាប័នដែលត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងរដ្ឋសភា»


នេះជាការគូសបញ្ជាក់របស់ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំ និងជាអនុប្រធានក្រុមការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ប្រចាំក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្ដុះបណ្ដាល ស្ដីពីគោលការណ៍ បែបបទ និងនីតិវិធី អនុវត្តមុខងារអប់រំ យុវជន និងកីឡា ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅសាលប្រជុំសាលាខេត្តកំពត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ ចំពោះរាល់កិច្ចសហការចូលរួម គាំទ្រពីគ្រប់ស្ថាប័នរដ្ឋ និងស្ថាប័នមិនមែនរដ្ឋ ក្នុងការជំរុញ និងលើកកម្ពស់ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការការងារអប់រំឱ្យកាន់តែល្អប្រសើរ ជាពិសេស ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ដែលបានផ្ដល់ការគាំទ្រ និងរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលណែនាំ តម្រង់ទិសជំរុញ និងគាំទ្រដល់ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងបង្កើនគុណភាពនៃសេវាអប់រំជូនដល់ប្រជាជនគ្រប់រូប។

លោកជំទាវបន្តថា ការធ្វើវិមជ្ឈការមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសនេះ ផ្តោតលើ “ការប្រគល់មុខងារគ្រប់គ្រង” ចំនួន៣ រួមមាន ៖ ការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធ និង “ការធ្វើប្រតិភូកម្មមុខងារគាំទ្រ ផ្នែករដ្ឋបាល” ចំនួន៣ ដល់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ការងារអភិវឌ្ឍយុវជន និងការងារអប់រំកាយ និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស។

ទោះបីជាការធ្វើវិមជ្ឈការមុខងារអប់រំ យុវជន និងកីឡាទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រសួងអប់រំ យុវជន និងកីឡានៅតែជាស្ថាប័នដែលត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងរដ្ឋសភាលើវិស័យអប់រំ យុវជន និងកីឡា។
ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវមានការទទួលខុសត្រូវ និងមានគណនេយ្យភាពចំពោះក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមន្ទីរអប់រំ យុវជន និង កីឡា រាជធានី- ខេត្ត។

ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវមានការទទួលខុសត្រូវ និងគណនេយ្យភាពចំពោះប្រជាជន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនលើ លទ្ធផលនៃការអនុវត្តមុខងារអប់រំ ដែលបានផ្ទេរឱ្យទាំងនោះ

>ក្រុមប្រឹក្សា និងគណៈអភិបាលនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវធានាឱ្យបានថា ការអនុវត្តមុខងារត្រូវតែស្របតាមគោលនយោបាយ ផែនការយុទ្ធសាស្ត្រជាតិ កម្មវិធីសិក្សាជាតិ និយាម និងស្តង់ដានានាដែលបានកំណត់។

គួរបញ្ជាក់ថា សិក្ខាសាលាបណ្ដុះបណ្ដាលនេះ គឺជាជំហានថ្មីមួយទៀត នៅក្នុងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់វិស័យអប់រំ ព្រមទាំងបានបង្ហាញអំពីឆន្ទៈ និងការប្ដេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់អាទិភាព និងការគាំទ្រដល់វិស័យអប់រំ យុវជន និងកីឡា។

ប្រភព៖ MoEYS