លោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ស្មារតីស្នេហាជាតី អាចបើកឱកាសសម្រាប់ផលិតផលខ្មែរ តែគុណភាព សេវាកម្ម និងតម្លៃសមរម្យ ជាកត្តាដែលធ្វើឱ្យអតិថិជនបន្តជឿទុកចិត្ត និងជ្រើសរើសប្រើប្រាស់ផលិតផលខ្មែរជាប្រចាំ!
នេះជាប្រសាសន៍លោកជំទាវ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពស់ក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦។























លោកជំទាវ បានមានប្រសាសន៍ថា កាលពីឆ្នាំកន្លងទៅនៅពេលដែលប្រទេសជាតិទទួលរងនូវភាពអយុត្តិធម៌ យើងឃើញយ៉ាងច្បាស់ពីស្មារតីលះបង់ ការចែករំលែក និងការចូលរួមយ៉ាងសកម្មរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។ ការរួបរួមគ្នានោះបានប្រែក្លាយការលំបាកទៅជាកម្លាំងតស៊ូដ៏រឹងមាំ។
ស្មារតីរួបរួមដដែលនេះ ក៏បានស្ដែងចេញតាមរយៈការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះកសិករ កម្មករ សិប្បករ និងសហគ្រិនខ្មែរនៅក្នុងពិព័រណ៍នាពេលនេះផងដែរ។ ក្នុងន័យនេះ លោកជំទាវ ក៏បានលើកទឹកចិត្តដល់អ្នកផលិត ធ្វើយ៉ាងណាឱ្យអថិជនរបស់ខ្លួន មានហេតុផលច្បាស់លាស់ក្នុងការជ្រើសរើសទិញផលិតផល ដោយសារគុណភាព សុវត្ថិភាព និងទំនុកចិត្ត។ លោកជំទាវបន្ថែមថា ស្មារតីស្នេហាជាតី អាចបើកឱកាសសម្រាប់ផលិតផលខ្មែរ តែគុណភាព សេវាកម្ម និងតម្លៃសមរម្យ ជាកត្តាដែលធ្វើឱ្យអតិថិជនបន្តជឿទុកចិត្ត និងជ្រើសរើសប្រើប្រាស់ផលិតផលខ្មែរជាប្រចាំ និងឈរជើងបានយូរអង្វែង។
លោកជំទាវបានសង្កត់ធ្ងន់ថា ពិព័រណ៍ផលិតផលខ្មែរ មិនគួរបិទបញ្ចប់ត្រឹមការដាក់តាំងលក់ផលិតផលក្នុងរយៈពេល ០៣ ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក្រោយពិព័រណ៍នេះបានបញ្ចប់ លោកជំទាវចង់ឃើញ ផលិតផលមួយរកបានទីផ្សារថ្មី សហគ្រិនម្នាក់ទទួលបានដៃគូថ្មី អាជីវកម្មតូចមួយអាចរីកចម្រើនធំធាត់បាន និង យុវជនម្នាក់ដើរចេញពីពិព័រណ៍នេះទៅ ដោយនាំមកនូវផ្នត់គំនិតថ្មី និងក្ដីសង្ឃឹមថ្មីសម្រាប់អាគតរបស់ខ្លួន។ បើពិព័រណ៍នេះ អាចនាំមកនូវទំនាក់ទំនង ទីផ្សារ កិច្ចសហការ ព្រមទាំងឱកាសថ្មីៗ ទាំងនេះហើយ គឺជាលទ្ធផលដ៏មានតម្លៃបំផុត។














