មេបាតុកម្មនៅបាំងកក ព្រមានបន្តការតវ៉ាពេញមួយខែ បើរដ្ឋាភិបាលលោក អានុទីន មិនដោះស្រាយបញ្ហាតាមការទាមទាររបស់ប្រជាពលរដ្ឋ !
(បាងកក)៖ ស្ថានការណ៍តវ៉ានៅទីក្រុងបាងកក ប្រទេសថៃ កំពុងបន្តមានសភាពតានតឹង ខណៈក្រុមបាតុករដឹកនាំដោយលោក Mano Khrueakaew បានប្រកាសថា នឹងបន្តការជួបជុំរយៈពេល៣០ថ្ងៃ ប្រសិនបើរដ្ឋាភិបាលលោក អានុទីន ឆ្លើយតបមិនបានតាមការទាមទាររបស់ពួកគេ។



ការតវ៉ានេះ បានចាប់ផ្តើមកាលពីយប់ថ្ងៃអាទិត្យ នៅមុខវិមានរដ្ឋាភិបាល ដោយក្រុមបាតុករបានរៀបចំកន្លែងស្នាក់នៅ និងបោះជំរំនៅតំបន់ក្បែរស្ពាន Chamai Maruchet ព្រមទាំងប្រើប្រាស់រថយន្តបំពងសំឡេង ដើម្បីផ្សព្វផ្សាយសារទាមទាររបស់ខ្លួន។ នៅព្រឹកថ្ងៃចន្ទ បាតុករនៅតែបន្តប្រមូលផ្តុំគ្នា ខណៈកម្លាំងប៉ូលិសត្រូវបានដាក់ពង្រាយ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។
បើតាមប្រភពព័ត៌មានថៃ បានឱ្យដឹងថា ក្រុមបាតុករដំបូងបានប្រើរថយន្តប្រមាណ៤០គ្រឿង ប៉ុន្តែចំនួននេះ បានកើនឡើងដល់៨០គ្រឿង ដោយមានសមាជិកបាតុករប្រមាណ១៨០នាក់។ ការធ្វើបាតុកម្មតាមដងផ្លូវរបស់ក្រុមនេះក៏ទទួលបានការគាំទ្រពីប្រជាពលរដ្ឋមួយចំនួន រួមទាំងការផ្តល់ជំនួយថវិកាសម្រាប់ចំណាយលើសកម្មភាពតវ៉ាផងដែរ។
ចំពោះការទាមទារ ក្រុមបាតុករបានស្នើឱ្យរដ្ឋាភិបាលបញ្ចុះតម្លៃប្រេងឥន្ធនៈចំនួន១០បាត ពង្រឹងវិធានការបង្ក្រាបគ្រឿងញៀន និងចាត់វិធានការស៊ើបអង្កេតលើបុគ្គលដែលពាក់ព័ន្ធនឹងបណ្តាញឆបោកតាមប្រព័ន្ធអនឡាញ (Scam) រួមទាំងអ្នកមានអំណាច ឬអ្នកនយោបាយដែលអាចជាប់ពាក់ព័ន្ធ។ បន្ថែមពីនេះ ពួកគេក៏ចង់ឱ្យរដ្ឋាភិបាលចាត់វិធានការដោះស្រាយបញ្ហាធ្លាក់ចុះតម្លៃផលដំណាំកសិកម្ម ដែលកំពុងប៉ះពាល់ដល់ជីវភាពប្រជាកសិករ។
ទន្ទឹមនេះ លោក Mano Khrueakaew បានបញ្ជាក់ថា ការជួបជុំនឹងបន្តរយៈពេលមួយខែពេញ ប្រសិនបើរដ្ឋាភិបាលមិនមានដំណោះស្រាយសមស្របចំពោះសំណើទាំងនេះ។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រីថៃ លោក អានុទីន បានបង្ហាញជំហរថា រដ្ឋាភិបាលត្រៀមស្តាប់ និងពិចារណាលើការទាមទាររបស់ក្រុមបាតុករជានិច្ច។
ជាមួយគ្នានេះ ស្នងការនគរបាលក្រុងបាងកក បានអំពាវនាវឱ្យក្រុមបាតុករគោរពច្បាប់ និងជៀសវាងសកម្មភាពណាមួយដែលអាចប៉ះពាល់ដល់សន្តិសុខ ឬរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ដោយព្រមានថា អ្នកប្រព្រឹត្តល្មើសនឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។
ប្រភព៖ Amarin TV















