ក្រុមប្រឹក្សាធម្មនុញ្ញ បានបោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំង ឯកឧត្តម ហ៊ី សោភា ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨)
យោងតាមសេចក្ដីសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩:០០នាទី នៅសាលប្រជុំអគារ សវិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ស្តីពីការចូលកាន់តំណែងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ, ការបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨), និងការផ្ទេរតំណែងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

ជាលទ្ធផល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ក្រុមប្រឹក្សា ធម្មនុញ្ញបានទទួលអបអរសាទរសមាជិកថ្មីចូលកាន់តំណែង ចំនួន ៣រូប ៖ ឯកឧត្តម យក់ ង៉ុយ (ជ្រើសតាំងសាជាថ្មីដោយរដ្ឋសភា) លោកជំទាវ ខែក កែមាលី ស៊ីសូដា (តែងតាំងដោយព្រះមហាក្សត្រ) និងឯកឧត្តម យូ ប៊ុនឡេង (តែងតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម) ជំនួសសមាជិក ៣អង្គ/រូប ដែល ត្រូវចប់អាណត្តិ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស និងឯកឧត្តម យក់ ង៉ុយ។ -ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ុជ គឹមអន ព្រឹទ្ធសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញបាន បោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំង ឯកឧត្តម ហ៊ី សោភា ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ៣ឆ្នាំ លើកទី១០ (២០២៥-២០២៨)។
ជាចុងក្រោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានប្រគល់ ត្រាក្រុមប្រឹក្សា ធម្មនុញ្ញ និងញញូរ “ព្រហ្មវិនិច្ឆ័យ” ជូន ឯកឧត្តម ហ៊ី សោភា ក្នុងកិច្ចផ្ទេរតំណែងប្រធានក្រុមប្រឹក្សា-ធម្មនុញ្ញ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលមួយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ សម្រាប់ការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និង ច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ និង សម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នាតជ្រើសតាំងតំណាងរាស្ដ្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។