ក្រុមប្រឹក្សាធម្មនុញ្ញ៖ ការស្នើសុំវិសោធនកម្ម ដើម្បីដកសញ្ជាតិខ្មែរពីពលរដ្ឋដែលឃុបឃិតជាមួយបរទេស គឺដើម្បីលើកកម្ពស់ ឧត្ដមគតិជាតិ មនសិការស្នេហាជាតិ និងគោលជំហរស្មោះត្រង់ឥតងាករេរបស់ពលរដ្ឋខ្មែរ ចំពោះជាតិមាតុភូមិ និងប្រជាជន នៅគ្រប់កាលៈទេសៈទាំងអស់
យោងតាមខ្លឹមសារលិខិតក្រាបបង្គំទូលថ្វាយមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីស្នើសុំធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ថ្បាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានឱ្យដឹងថា ការផ្តួចផ្តើមគំនិតធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មានគោលបំណងសំខាន់ គឺដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់សម្រាប់ ដកសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋខ្មែរណាដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពប៉ះពាល់ ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ពិសេសអំពើឃុបឃិត ជាមួយបរទេស ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ សេចក្តីសុខសាន្តរបស់ប្រជាជន និងឧត្តម ប្រយោជន៍របស់ប្រទេសជាតិ។


ក្នុងន័យនេះ ការស្នើសុំធ្វើវិសោធនកម្មបទប្បញ្ញត្តិនៃមាត្រាខាងលើ គឺដើម្បីលើកកម្ពស់ ឧត្តមគតិជាតិ មនសិការស្នេហាជាតិ និងគោលជំហរស្មោះត្រង់ឥតងាករេរបស់ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់ ពិសេសការតម្កល់ផលប្រយោជន៍ជាតិជាធំស្របតាមមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុង កិច្ចការផ្ទៃក្នុងរបស់ព្រះរាជាណាចក្រកម្ពុជា ដែលវិសោធនកម្មនេះ ពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធ ប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញឡើយ ព្រមទាំងធ្វើ ឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន ដោយផ្អែកលើមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ដូចខាងក្រោម៖
មាត្រា១៥៣ ថ្មី(ពីរ មាត្រា១៥១ថ្មី) នៃរដ្ឋធម្មនុញ្ញ ចែងថា “ការផ្តើមគំនិតសើរើ ឬការផ្តើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និងរបស់ ប្រធានរដ្ឋសភា តាមសេចក្តីស្នើរបស់តំណាងរាស្ត្រមួយភាគបួននៃចំនួនសមាជិករដ្ឋសភាទាំងមូល។
ការសើរើ ឬវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវធ្វើឡើងដោយច្បាប់ធម្មនុញ្ញមួយ ដែលអនុម័តដោយរដ្ឋសភា តាមមតិភាគច្រើនពីរភាគបី នៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ”
មាត្រា១៥៤ ថ្មី(ពីរ មាត្រា១៥២ថ្មី) នៃរដ្ឋធម្មនុញ្ញ ចែងថា “ការសើរើ ឬ វិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវហាមឃាត់មិនឱ្យធ្វើ នៅពេលប្រទេសជាតិឋិតក្នុងភាពអាសន្ន ដូចមានចែងក្នុងមាត្រា៨៦។ ”
មាត្រា១៥៥ ថ្មី(ពីរ មាត្រា១៥៣ថ្មី) នៃរដ្ឋធម្មនុញ្ញ ចែងថា “ការសើរើ ឬ វិសោធនកម្មរដ្ឋធម្មនុញ្ញមិនអាចធ្វើបានឡើយ កាលបើប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ។ ”
ដូច្នេះ ក្រុមប្រឹក្សាធម្មនុញ្ញ យល់ឃើញថា សេចក្តីស្នើសុំធ្វើវិសោធនកម្មមាត្រា៣៣ នៃ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អាចធ្វើទៅបាន៕