រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ជប៉ុន លាលែង ពីតំណែង ក្រោយព្រលយសម្ដីថា ខ្លួនមិនដែលទិញអង្ករបរិភោគទេ ព្រោះតែងទទួលបានអង្ករដោយឥតគិតថ្លៃ!
រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសជប៉ុនបានលាលែងពីតំណែងបន្ទាប់ពីនិយាយថាលោកមិនដែលទិញអង្ករទេ ពីព្រោះលោកតែងទទួលបានអង្ករដោយឥតគិតថ្លៃ។ ការលើកឡើងរបស់លោក Taku Etō បានទាក់ទាញការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ប្រជាជនជប៉ុនខណៈដែលតម្លៃអង្ករបានកើនឡើងជិតពីរដងក្នុងមួយឆ្នាំចំពេលតម្លៃអាហារកើនឡើង។

ការលាលែងពីតំណែងរបស់លោក Taku Etō បានបន្ថែមសម្ពាធលើនាយករដ្ឋមន្ត្រី Shigeru Ishiba ដែលបរាជ័យក្នុងការទប់ទល់នឹងការកើនឡើងតម្លៃអង្ករ និងការដោះស្រាយវិបត្តិជីវភាពកាន់តែទូលំទូលាយ ដោយបានធ្វើឱ្យអ្នកបោះឆ្នោតរិះគន់យ៉ាងខ្លាំង ស្របពេលការបោះឆ្នោតសភាជាន់ខ្ពស់នឹងមកដល់នៅខែកក្កដាខាងមុខនេះ។
លោក Etō បានប្រាប់អ្នកយកព័ត៌មាននៅឯការិយាល័យនាយករដ្ឋមន្ត្រីថា “ឥឡូវនេះខ្ញុំបានដាក់ពាក្យលាលែងពីតំណែងទៅនាយករដ្ឋមន្ត្រី Ishiba ហើយ” ។
ដំបូងឡើយ Etō បានសម្ដែងការអាណិតអាសូរចំពោះ “ភាពលំបាក”របស់ប្រជាជន បន្ទាប់ពីរដ្ឋាភិបាលបានបញ្ចេញអង្ករប្រហែល ៣០០,០០០ តោនពីស្តុកទុកក្នុងគ្រាអាសន្នកាលពីដើមឆ្នាំនេះ ដែលនឹងធ្វើឱ្យតម្លៃធ្លាក់ចុះ។ ប៉ុន្តែនិយាយនៅឯកម្មវិធីរៃអង្គាសថវិកាកាលពីចុងសប្តាហ៍មុន Etō បាននិយាយថា “ខ្ញុំមិនដែលទិញអង្ករដោយខ្លួនឯងទេព្រោះអ្នកគាំទ្ររបស់ខ្ញុំបរិច្ចាគច្រើនដល់ខ្ញុំដែលខ្ញុំអាចលក់បាន” ។
ក្រោយមានការរិះគន់កាន់តែខ្លាំងឡើង លោក Etō ចេញមកនិយាយថា “ខ្ញុំបានសួរខ្លួនឯងថាតើខ្ញុំសក្តិសមនៅកាន់តួនាទីនេះតទៅទៀតទេ ហើយខ្ញុំបានសន្និដ្ឋានថា ខ្ញុំគឺមិនសក្តិសមទេ”។ លោកបន្ថែមថា “ជាថ្មីម្តងទៀត ខ្ញុំសូមអភ័យទោសដល់ប្រជាពលរដ្ឋ ដែលបានបញ្ចេញមតិមិនសមរម្យជារដ្ឋមន្ត្រី នៅពេលដែលពួកគេជួបបញ្ហានឹងការឡើងថ្លៃអង្ករ”។
បញ្ហាកង្វះខាតស្រូវរបស់ប្រទេសជប៉ុនត្រូវបានគេសង្កេតឃើញថា បង្កឡើងដោយកត្តាជាច្រើន រួមទាំងការប្រមូលផលមិនល្អដោយសារអាកាសធាតុក្តៅក្នុងឆ្នាំ២០២៣ និងការភ័យស្លន់ស្លោដែលបណ្តាលមកពីការព្រមាន “megaquake” នៅឆ្នាំ២០២៤។ អ្នកលក់ដុំ និងអ្នកចែកចាយក៏ត្រូវបានគេគិតថាកំពុងស្តុកទុកស្រូវផងដែរដោយរំពឹងថានឹងមានកង្វះខាតបន្ថែមទៀត៕
ប្រភព៖ The Guardian