សភាជាតិអាល់មេនី ក្លាយជាសង្វៀនប្រដាល់ជាលើកទី៣ ក្នុងមួយខែ រវាងតំណាងរាស្ត្របក្សកាន់អំណាច និងបក្សប្រឆាំង
វិមានសភាជាតិអាល់មេនី (Armenia) បានប្រែក្លាយទៅជាសង្វៀនប្រដាល់ជាលើកទី៣ ក្នុងរយៈពេលត្រឹមតែមួយខែកន្លងទៅនេះ បន្ទាប់ពីសម័យប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២៦ បានផ្ទុះទៅជាអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ រវាងតំណាងរាស្ត្រមកពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំង រហូតបង្ខំឱ្យប្រធានសភាផ្អាកការប្រជុំជាបន្ទាន់ និងហៅកម្លាំងសន្តិសុខចូលមកធ្វើអន្តរាគមន៍ភ្លាមៗ។



យោងតាមប្រភពព័ត៌មានអន្តរជាតិ CBS News ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងពេលនៃការពិភាក្សាដេញដោលជុំវិញការតែងតាំងមន្ត្រីនៃសភាវែកញែក (Chamber of Accounts) នៅពេលដែល លោក Taron Chakhoyan តំណាងរាស្ត្រមកពីគណបក្សកាន់អំណាច Civil Contract បានឡើងថ្លែងការណ៍ចោទប្រកាន់ និងប្រើប្រាស់ពាក្យសម្តីឌឺដង ប្រមាថក្រុមប្រឆាំងអំពីអំពើពុករលួយ។ ការចោទប្រកាន់នេះ បានធ្វើឱ្យ លោក Narek Karapetyan ប្រធានប្លុកប្រឆាំង Strong Armenia ផ្ទុះកំហឹង ស្រែកតបត និងដើរតម្រង់ទៅកាន់វេទិកាអធិបតី។
ភ្លាមៗនោះ ក្រុមតំណាងរាស្ត្រនៃភាគីទាំងពីរបានស្ទុះចូលទៅប្រឈមមុខគ្នា ដោយប្រើប្រាស់កណ្តាប់ដៃ រញុច្រាន ធាក់ និងមានការគប់កៅអីពីសំណាក់អនុប្រធានសភា លោក Vahagn Aleksanyan ទៅលើក្រុមតំណាងរាស្ត្រភាគីប្រឆាំងទៀតផង។ ហេតុការណ៍ចលាចលនេះ បានបណ្តាលឱ្យតំណាងរាស្ត្របក្សប្រឆាំង លោក Andranik Gevorgyan រងរបួសហូរឈាមច្រមុះ និងតំណាងរាស្ត្រម្នាក់ទៀតត្រូវដួលទៅលើឥដ្ឋ។
ប្រភព៖ CBS News













