សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទោះមានបញ្ហាព្រំដែន រាជរដ្ឋាភិបាលមិនដែលកាត់បន្ថយថវិកាវិស័យអប់រំ និងសុខាភិបាលឡើយ ផ្ទុយទៅវិញមានតែកើនឡើងជានិច្ច
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមពិធីសំណោះសំណាលជាមួយសិស្សនិទ្ទេស A នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាមានបញ្ហាព្រំដែន ប៉ុន្តែ រាជរដ្ឋាភិបាលមិនបានកាត់បន្ថយការចំណាយលើវិស័យសង្គមកិច្ចឡើយ ពិសេសវិស័យអប់រំ និងសុខាភិបាល។

ជាមួយគ្នានេះ សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា ផ្ទុយទៅវិញ ថវិកាជាតិដែលចំណាយលើវិស័យសង្គមកិច្ចបានកើនឡើងជានិច្ច។ នេះសបញ្ជាក់ថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យអាទិភាពដែលជួយគាំពារផ្ទាល់ដល់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋ មិនមែនត្រឹមតែជាពាក្យសន្យាប៉ុណ្ណោះទេ ប៉ុន្តែ រាជរដ្ឋាភិបាលពិតជាបានធ្វើប្រាកដមែន។
ជាក់ស្តែង រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយគាំពារសង្គមយ៉ាងទូលំទូលាយ ដោយផ្តល់ការឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ព្រមទាំងផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្ររហូតដល់បញ្ចប់ការសិក្សាមធ្យមសិក្សា។ ការគាំពារក៏គ្របដណ្តប់លើជនមានពិការភាព អ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ព្រមទាំងមនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅផងដែរ។
ក្រៅពីនេះ វិស័យអប់រំ សុខាភិបាល និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក៏ជាវិស័យអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំពុងរួមចំណែកលើកកម្ពស់គុណភាពធនធានមនុស្ស បង្កើនឱកាសការងារ និងជួយឱ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈកាន់តែប្រសើរឡើង។
ផ្អែកតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ក្នុងសេចក្តី Press Briefing សម្រាប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦បានគូសបញ្ជាក់បន្ថែមថា ការបន្តផ្តល់អាទិភាពដល់វិស័យសង្គមកិច្ច គឺជាផ្នែកមួយនៃការអភិវឌ្ឍប្រទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងបញ្ហាប្រឈមផ្សេងៗ។

















