វត្ថុបុរាណ ២៧រូប នឹងបញ្ជូនត្រឡប់មកកម្ពុជាវិញ


ដោយ៖ ង៉ាយ ណៃ

វត្ថុបុរាណរបស់កម្ពុជាចំនួន ២៧រូប ដែលត្រូវបានជួញដូរក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងត្រូវបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ ក្រោយមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងប្រទេសកម្ពុជានិងរដ្ឋអាជ្ញានៃសង្កាត់ញូវយ៉ក ស្ដីពីការផ្ទេរសិទ្ធិគ្រប់គ្រងវត្ថុបុរាណទាំងនោះមកម្ចាស់ដើម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក។

នៅថ្ងៃទី៩ ខែមិថុនាកន្លងទៅនេះ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតនៃប្រទេសកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងលោក Cyrus Vance Jr. រដ្ឋអាជ្ញា នៃការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ញូវយ៉ក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការផ្ទេរសិទ្ធិគ្រប់គ្រងវត្ថុបុរាណឱ្យប្រទេសកម្ពុជាវិញ ដោយមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលរួមធ្វើជាសាក្សីតាមរយៈវីដេអូពីភ្នំពេញ។

សេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា បានសរសេរថា៖ «ក្នុងចំណោមវត្ថុបុរាណទាំង ២៧ ដែលត្រូវបានរកឃើញមកវិញដោយការិយាល័យរដ្ឋអាជ្ញា និងក្រសួងសន្តិសុខអាម៉េរិក រួមមានបដិមាផ្នែកព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាសម័យអង្គរសំខាន់ៗមួយចំនួនដូចជា៖ ព្រះពុទ្ធគង់សមាធិលើនាគធ្វើពីសំរឹទ្ធ រូបព្រះឥសូរ និងព្រះនាងប្រាជ្ញាបារមិតាធ្វើពីថ្មភក់»។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈសេចក្ដីជូនដំណឹងនេះបានលើកឡើងថា៖ «ការទទួលបានត្រឡប់មកវិញនៃវត្ថបុរាណទាំងនេះ បានបញ្ជាក់ពីចំណងមិត្តភាពល្អ និងប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ក្នុងការចូលរួមការពារបេតិកភណ្ឌវប្បធម៌ខ្មែរ»។

លោកស្រី ភឿង សកុណា បានបន្តយ៉ាងដូច្នេះទៀតថា៖ «រដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាបន្តស្រាវជ្រាវដើម្បីនាំយកសម្បត្តិវប្បធម៌ខ្មែរដែលត្រូវបានលួចនាំចេញដោយខុសច្បាប់ទាំងអស់នោះត្រឡប់មកកម្ពុជាវិញ»។

ទន្ទឹមគ្នានេះ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតនៃប្រទេសកម្ពុជាប្រចាំសហរដ្ឋអាម៉េរិកបានបញ្ជាក់ថា៖ «យើងខ្ញុំសង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងបន្តភាពជាដៃគូជាមួយប្រទេសកម្ពុជា ដើម្បីយើងអាចបញ្ឈប់ការជួញដូរវប្បធម៌ខ្មែរខុសច្បាប់ និងបញ្ជូនបេតិកភណ្ឌវប្បធម៌របស់យើងត្រឡប់ទៅកម្ពុជាវិញ»។