ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ត្រូវបានធនាគារជាតិកម្ពុជា ដាក់ឱ្យស្ថិតក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ!
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (ធ.ជ.ក.) បានសម្រេចដាក់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្តោះអាសន្ន និងតែងតាំងក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ម.ក ជាអភិបាលបណ្តោះអាសន្ន សម្រាប់រយៈពេល ៣ ខែ គិតចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។

យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ការសម្រេចនេះធ្វើឡើង ក្រោយពិនិត្យឃើញថា ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក មានការខ្វះចន្លោះក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន។ សូមបញ្ជាក់ថា អភិបាលបណ្តោះអាសន្ន មានតួនាទីក្នុង ការវាយតម្លៃស្ថានភាពរបស់ធនាគារ ឈីហ្វ (ខេមបូឌា) ម.ក និងរាយការណ៍មកធនាគារជាតិនៃកម្ពុជា ដើម្បី ជាមូលដ្ឋានសម្រាប់ការសម្រេចចាត់វិធានការជាបន្តចំពោះធនាគារនេះ។
ដោយឡែកក្នុងរយៈពេល ៣ ខែនេះ អភិបាលបណ្តោះអាសន្ន មានសិទ្ធិអំណាចក្នុងការគ្រប់គ្រង និងជាតំណាង ឱ្យធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក សម្រាប់គ្រប់ប្រតិបត្តិការទាំងអស់របស់ធនាគារ ដែលរួមមាន ទាំងការផ្អាកការទូទាត់ប្រាក់បញ្ញើ និងចំណាយមិនចាំបាច់មួយចំនួនជាបណ្តោះអាសន្ន។ ជាមួយគ្នានេះ ចំពោះអតិថិជនដែលបានខ្ចីឥណទានពីធនាគារទាំងអស់ ត្រូវបន្តបំពេញកាតព្វកិច្ចទូទាត់សងប្រាក់ជាប្រក្រតី។
ប្រភព៖ ធនាគារជាតិនៃកម្ពុជា













