រដ្ឋបាលលោក ត្រាំ ត្រៀមដាក់ទណ្ឌកម្មទ្រង់ទ្រាយធំលើ ICC


វ៉ាស៊ីនតោន៖ រដ្ឋបាលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវបានរាយការណ៍ថា កំពុងរៀបចំដាក់ទណ្ឌកម្មទ្រង់ទ្រាយធំលើតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រចាំថ្ងៃរបស់ស្ថាប័ននេះ។

កាសែត The Wall Street Journal បានរាយការណ៍ថា ទណ្ឌកម្មនេះអាចហាមឃាត់ប្រតិបត្តិការភាគច្រើនជាមួយ ICC បន្ទាប់ពីផុតរយៈពេលអនុគ្រោះពី ៦ ទៅ ៧ខែ។ ប្រសិនបើត្រូវបានអនុវត្ត ពលរដ្ឋ និងក្រុមហ៊ុនអាម៉េរិកនឹងមិនអាចផ្ដល់ថវិកា ទំនិញ ឬសេវាកម្មដល់ ICC ដោយគ្មានការអនុញ្ញាតពីក្រសួងហិរញ្ញវត្ថុអាម៉េរិកឡើយ។

វិធានការនេះជាការបង្កើនសម្ពាធពីការដាក់ទណ្ឌកម្មលើចៅក្រម និងព្រះរាជអាជ្ញាជាបុគ្គល ទៅផ្ដោតលើស្ថាប័ន ICC ទាំងមូល។ ថ្នាក់ដឹកនាំតុលាការធ្លាប់ព្រមានថា ទណ្ឌកម្មបែបនេះអាចរារាំងការទិញបច្ចេកវិទ្យា និងសេវាធានារ៉ាប់រង ការជួលអ្នកស៊ើបអង្កេត ព្រមទាំងការទូទាត់ចំណាយ និងប្រាក់បៀវត្សបុគ្គលិក។

យ៉ាងណាមិញ សហរដ្ឋអាម៉េរិកមិនមែនជាសមាជិក ICC ឡើយ ហើយអាម៉េរិកក៏ធ្លាប់បង្ហាញការមិនពេញចិត្តថា តុលាការនេះបានអនុវត្តអំណាចហួសដែនយុត្តាធិការរបស់ខ្លួន។ ភាពតានតឹងបានកើនឡើងខ្លាំង បន្ទាប់ពី ICC ចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតំបន់ហ្គាហ្សា។

គួរបញ្ជាក់ថា ICC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដើម្បីកាត់ទោសបុគ្គលដែលរងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅពេលអាជ្ញាធរជាតិមិនអាច ឬមិនមានឆន្ទៈចាត់ការលើសំណុំរឿងទាំងនោះ។

ប្រភព៖ Aljazeera