ហ្វីលីពីនក្លាយជាទីផ្សារដ៏មានសក្តានុពល សម្រាប់ការនាំចេញអង្ករកម្ពុជា ខណៈរាល់ថ្ងៃអង្ករកែច្នៃកម្ពុជាជាង ៦ពាន់តោនត្រូវបានដឹកជញ្ជូនទៅប្រទេសនេះ!


(ភ្នំពេញ)៖ ប្រទេសហ្វីលីពីនកំពុងក្លាយជាទីផ្សារដ៏មានសក្តានុពលសម្រាប់ការនាំចេញអង្ករកម្ពុជាទៅកាន់តំបន់អាស៊ាន ដោយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កម្ពុជាបានដឹកជញ្ជូនអង្ករកែច្នៃទៅកាន់ប្រទេសនេះក្នុងបរិមាណជាង ៦ពាន់តោនក្នុងមួយកប៉ាល់រាល់ថ្ងៃជាបន្តបន្ទាប់។

តាមការលើកឡើងពីប្រភព Cambodia Development Project បានឱ្យដឹងថា ការដឹកជញ្ជូនអង្ករទៅកាន់ប្រទេសហ្វីលីពីននាពេលថ្មីៗនេះ បានធ្វើឡើងតាមរយៈកំពង់ផែស្វយ័តព្រះសីហនុ និងកំពង់ផែខេត្តកំពត ដោយមានកប៉ាល់ដឹកអង្ករចេញ និងកប៉ាល់ចូលដឹកជញ្ជូនជាបន្តបន្ទាប់គ្នា ដែលបង្ហាញពីសកម្មភាពនាំចេញអង្កររបស់កម្ពុជាយ៉ាងសកម្មទៅកាន់ទីផ្សារប្រទេសនេះ។

ប្រភពដដែលបានលើកឡើងថា ប្រទេសហ្វីលីពីនក្នុងតំបន់សមាជិកអាស៊ាន ដែលមានប្រជាជនប្រមាណ ១២០លាននាក់ មានទម្លាប់បរិភោគអង្ករដូចប្រជាជនកម្ពុជា ដែលបេះកំពុងបើកឱកាសក្លាយជាទីផ្សារដ៏សំខាន់សម្រាប់អង្ករកម្ពុជា។ គួរបញ្ជាក់ថាប្រទេសហ្វីលីពីនពីមុន នាំចូលអង្ករតែពីប្រទេសថៃ និង វៀតណាមទេ ប៉ុន្តែបច្ចុប្បន្នប្តូរមកការនាំចូលពីកម្ពុជាវិញ ។

ជាពិសេស ក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍នេះ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសហ្វីលីពីនបានកើនឡើងគួរឱ្យកត់សម្គាល់ ដោយបរិមាណនាំចេញជិតស្មើការនាំចេញអង្ករទៅទ្វីបអឺរ៉ុបទាំងមូលហើយ។ តាមប្រភពដដែលបានបង្ហើបថា ពេលខ្លះមិនចាំបាច់សម្លឹងឆ្ងាយៗពេកទេ ប្រទេសជិតៗប្រជាជនរាប់រយលាននាក់នៅជាប់របងផ្ទះរបស់យើងគឺជាទីផ្សារធំៗ។

ប្រភព៖ Cambodia Development Project