លោក ដូណាល់ ត្រាំ ប្រកាសក្ដែងៗថា ជិតសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកាណាដាហើយ ខណៈរដ្ឋមន្ត្រីកាណាដាអះអាងថា ការចរចានៅមិនទាន់ចប់ទេ!
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកជិតឈានដល់ការសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសកាណាដាហើយ។ ប៉ុន្តែនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បានបញ្ជាក់ថា ភាគីទាំងពីរនៅមានការងារមួយចំនួនទៀតត្រូវបន្តចរចាសិន មុននឹងអាចសម្រេចកិច្ចព្រមព្រៀងនេះបាន។


ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា លោក ដូណាល់ ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិកនឹងសម្រេចបានកិច្ចព្រមព្រៀងជាមួយកាណាដាក្នុងពេលឆាប់ៗនេះ ហើយលោករំពឹងថា កិច្ចព្រមព្រៀងនោះនឹងមានលក្ខខណ្ឌល្អប្រសើរ។
ទោះជាយ៉ាងណា លោក ខានី បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលនៅប្រទេសអង់ទីហ្គា ថា ការចរចាបានសម្រេចវឌ្ឍនភាពមួយចំនួន ប៉ុន្តែមិនទាន់បញ្ចប់នៅឡើយទេ។ លោកបានពន្យល់ថា ភាគីអាមេរិកកំពុងកាត់បន្ថយការទាមទារមួយចំនួន ប៉ុន្តែភាគីទាំងពីរមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នាទាំងស្រុងនោះទេ។
លោក ខានី ក៏បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានដកចេញនូវការទាមទារមួយចំនួនដែលបានលើកឡើងពីមុន រួមទាំងលក្ខខណ្ឌដែលចង់ឱ្យទីក្រុងវ៉ាស៊ីនតោនមានសិទ្ធិសម្រេចចុងក្រោយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយដែលកាណាដាចង់ចុះហត្ថលេខាជាមួយប្រទេសដទៃទៀត។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ សហរដ្ឋអាមេរិក និងកាណាដាបានដាក់ពន្ធគយតម្លៃរាប់ពាន់លានដុល្លារលើទំនិញរបស់គ្នាទៅវិញទៅមក ដែលធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរមានភាពតានតឹង។ បញ្ហាពន្ធគយលើទំនិញកាណាដា ក៏បានក្លាយជាប្រធានបទសំខាន់មួយ នៅក្នុងរដ្ឋមួយចំនួនរបស់អាមេរិកដែលជាប់ព្រំដែនកាណាដា ដូចជា មីឈីហ្គែន និងមេន ជាពិសេសក្នុងអំឡុងពេលបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះ។
ប្រភព៖ Reuters

















