សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងកាលៈទេសៈជម្លោះព្រំដែន បង្ហាញថាឯកសារប្រវត្តិសាស្ត្រ សន្ធិសញ្ញា និងផែនទីរបស់បារាំង គឺជាអាវក្រោះដ៏មានតម្លៃការពារបូរណភាពទឹកដីកម្ពុជា


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ក្នុងកាលៈទេសៈដែលកម្ពុជាបាននិងកំពុងជួបបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាង ឯកសារបណ្ណសារប្រវត្តិសាស្ត្រ សន្ធិសញ្ញាផ្លូវការ និងផែនទីដែលបានចងក្រង និងរក្សាទុកដោយភាគីបារាំង គឺជាអាវក្រោះការពារតាមផ្លូវច្បាប់ និងជាភស្តុតាងប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុត ក្នុងការអះអាង និងការពារបូរណភាពទឹកដី អធិបតេយ្យភាព និងខ្សែបន្ទាត់ព្រំដែនស្របច្បាប់របស់កម្ពុជា។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីបើកពិព័រណ៍ខួប ១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ជាមួយគ្នានេះ សម្តេចធិបតីបានគូសបញ្ជាក់ថា បណ្ណសារដ្ឋានជាតិមិនត្រឹមតែជាកន្លែងរក្សាទុកឯកសារប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាទីតាំងតម្កល់ឯកសារផ្លូវការ ផែនទី សន្ធិសញ្ញា និងកំណត់ត្រាដែលមានប្រភពច្បាស់លាស់ ដែលអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការសិក្សាស្រាវជ្រាវ ការកំណត់ជំហរផ្លូវច្បាប់ និងការការពារផលប្រយោជន៍ជាតិ។ ជាក់ស្តែង ករណីប្រាសាទព្រះវិហារ គឺជាឧទាហរណ៍ដែលបង្ហាញពីទំនាក់ទំនងដ៏សំខាន់រវាងបេតិកភណ្ឌ ប្រវត្តិសាស្ត្រ ច្បាប់អន្តរជាតិ និងអធិបតេយ្យភាពជាតិ។

សម្តេចធិបតីបានបន្តថា ការថែរក្សាឯកសារបណ្ណសារដោយមានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ ការធានាភាពពិតប្រាកដនៃឯកសារ និងការអភិវឌ្ឍសមត្ថភាពស្រាវជ្រាវ គឺជាការងារដែលមានតម្លៃលើសពីវិស័យវប្បធម៌ ព្រោះវាអាចរួមចំណែកយ៉ាងសំខាន់ដល់ការការពារផលប្រយោជន៍ជាតិរយៈពេលវែង។

ទន្ទឹមនឹងនេះ សម្តេចធិបតីបានលើកឡើងថា ឯកសារបណ្ណសារជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និងចំណេះដឹងជាតិ ដែលត្រូវការការយកចិត្តទុកដាក់អភិរក្សទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម ដើម្បីធានាថាកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ការសិក្សាស្រាវជ្រាវ និងស្វែងយល់ពីប្រវត្តិសាស្ត្ររបស់ខ្លួន។

ក្នុងឱកាសនោះ សម្តេចធិបតីក៏បានណែនាំឱ្យជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ តាមរយៈការរៀបចំផែនការយុទ្ធសាស្ត្រឱ្យបានឆាប់ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រព័ន្ធបណ្ណសារឌីជីថលជាតិ ដើម្បីបង្កលទ្ធភាពឱ្យអ្នកស្រាវជ្រាវ និស្សិត និងសាធារណជនអាចស្វែងរក និងប្រើប្រាស់ឯកសារបណ្ណសារបានកាន់តែងាយស្រួល ដោយធានាបាននូវសុវត្ថិភាពទិន្នន័យ។

សម្តេចធិបតីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបណ្ណសារ ការជំរុញយុវជនឱ្យចូលរួមសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រជាតិ និងការលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយផ្អែកលើឯកសារយោង និងប្រភពព័ត៌មានដែលមានភាពច្បាស់លាស់ និងអាចផ្ទៀងផ្ទាត់បាន។

បន្ថែមលើនោះ សម្ដេចក៏បានរំលេចថាពិព័រណ៍ខួប ១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងរំលឹកដំណើរប្រវត្តិសាស្ត្ររបស់ស្ថាប័នថែរក្សាមរតកឯកសារជាតិ និងបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការអភិរក្ស និងធ្វើឱ្យបណ្ណសារក្លាយជាប្រភពចំណេះដឹងដែលអាចសិក្សា និងប្រើប្រាស់បាន។ ជាងនេះទៅទៀតពិព័រណ៍នេះ ក៏ជាផ្នែកមួយនៃការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូល​ហ្វ្រង់​កូហ្វូនី ឆ្នាំ២០២៦» ដើម្បីបង្ហាញពីអត្តសញ្ញាណ វប្បធម៌ និងមរតកប្រវត្តិសាស្ត្ររបស់ជាតិទៅកាន់សហគមន៍អន្តរជាតិ។