|

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធរោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្ត ដែលបានចំណាយទុនវិនិយោគចំនួន ១៥លាន ដុល្លារអាមេរិកលើទឹកដីខេត្តកំពង់ស្ពឺ


នាព្រឹកថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិករថយន្តរបស់ក្រុមហ៊ុន យូរ៉ ហានេស ខេមបូឌា YURA Harness Cambodia ដែលស្ថិតនៅក្នុងភូមិទួលធ្នង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានបង្កបរិយាកាលល្អដល់ក្រុមហ៊ុនក្នុងការបំពេញបែបបទស្របតាមនីតិវិធី និងច្បាប់នានាជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបានចុះបញ្ជីការក្រុមហ៊ុន និងដំណើរ ការសាងសង់រោងចក្រនេះឡើង រហូតឈានដល់ការបើកដំណើរការជាផ្លូវការនៅថ្ងៃនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន YURA Harness Cambodia ដែលបានផ្ដល់ការទុកចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសម្រេចបើកសាខាក្រុមហ៊ុន និងសាង សង់រោងចក្រនៅលើទឹកដីនៃខេត្តកំពង់ស្ពឺ ដើម្បីធ្វើការផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិក រថយន្តសម្រាប់នាំចេញ ដែលការបើកដំណើរការរោងចក្រនេះ មិនត្រឹមតែចូលរួមចំណែកជួយ ជំរុញដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានជួយបង្កើតឱកាសការងារ និងចំណេះជំនាញជូនដល់ប្រជាពលរដ្ឋនៃខេត្តកំពង់ស្ពឺផងដែរ។

គួរបញ្ជាក់ថា សាខារោងចក្រ YURA Harness Cambodia ក្រុមហ៊ុនបានចំណាយទុន វិនិយោគចំនួន ១៥លាន ដុល្លារអាមេរិក រួមជាមួយអគាររោងចក្រទំហំ ១៧,៥០០ម៉ែត្រការ៉េ បំពាក់ដោយគ្រឿងបច្ចេកទេស ឧស្សាហកម្មស្វ័យប្រវត្តិ ក្នុងសង្វាក់ផលិតកម្ម និងស្រូបកម្លាំង ពលកម្មសរុប ១,១០០នាក់៕