នាយករដ្ឋមន្ត្រីជប៉ុន ប្ដេជ្ញាគាំទ្រតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) ក្រោយលោក ត្រាំ អំពាវនាវឱ្យប្រទេសជាសមាជិកទាំងអស់ «ដកខ្លួនជាផ្លូវការ»


តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ីជិ (Sanae Takaichi) បានបញ្ជាក់ពីការគាំទ្ររបស់ជប៉ុនចំពោះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ស្ថាប័ននេះ និងអំពាវនាវឱ្យប្រទេសជាសមាជិកដកខ្លួនចេញពី ICC ជាផ្លូវការ។

ថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២២ ខែកញ្ញា លោកស្រី តាកាអ៊ីជិ បានលើកឡើងថា ជប៉ុនមានការគាំទ្រជាប់លាប់ចំពោះ ICC ដោយចាត់ទុកការគោរពនីតិរដ្ឋ និងការដោះស្រាយជម្លោះតាមច្បាប់ ជាគោលការណ៍សំខាន់មួយរបស់ជប៉ុនក្រោយសង្គ្រាមលោកលើកទី២។

ការបញ្ជាក់របស់នាយករដ្ឋមន្ត្រីជប៉ុនធ្វើឡើង បន្ទាប់ពីលោក ត្រាំ បានរិះគន់ ICC ក្នុងសុន្ទរកថានៅ UNGA ដោយហៅស្ថាប័ននេះថា «គ្មានការគ្រប់គ្រង» និងអំពាវនាវឱ្យប្រទេសទាំងអស់ដែលជាសមាជិក ICC «ដកខ្លួនជាផ្លូវការ» ពីស្ថាប័ននេះ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ ក៏ធ្លាប់អំពាវនាវឱ្យបំបែកតុលាការ ICC ខណៈសហរដ្ឋអាមេរិកថែមទាំងបានដាក់ទណ្ឌកម្មលើប្រធាន ICC លោកស្រី តូម៉ូកូ អាកាណេ ដែលជាជនជាតិជប៉ុន ព្រមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់តុលាការនេះផងដែរ។

ជាមួយគ្នានេះ លោកស្រី អាកាណេ ដែលកាន់តំណែងជាប្រធាន ICC តាំងពីឆ្នាំ២០២៤ បានបញ្ជាក់ថា «តុលាការនឹងបន្តអនុវត្តភារកិច្ចរបស់ខ្លួនដោយឯករាជ្យ ទោះប្រឈមនឹងការដាក់ទណ្ឌកម្មអ្វីក៏ដោយ»។ រយៈពេលកន្លងមក លោកស្រីក៏បានអំពាវនាវឱ្យជប៉ុនចូលរួមទប់ទល់នឹងសម្ពាធរបស់សហរដ្ឋអាមេរិកលើប្រទេសសមាជិក ICCផងដែរ។

ការបញ្ជាក់ជាថ្មីរបស់លោកស្រី តាកាអ៊ីជិ កើតឡើងចំពេលមានការអំពាវនាវពីក្រុមសមាជិកសភាជប៉ុនមកពីគណបក្សផ្សេងៗ ឱ្យរដ្ឋាភិបាលជប៉ុន បង្ហាញការគាំទ្រជាសាធារណៈចំពោះ ICC និងជំរុញឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញចំពោះវិធានការ ដែលបានកំណត់ដាក់ទណ្ឌកម្មលើតុលាការនេះ។

ទោះជាយ៉ាងណា ក្នុងសុន្ទរកថារបស់លោកស្រី តាកាអ៊ីជិ មិនបានរិះគន់រដ្ឋបាលអាមេរិកដោយផ្ទាល់ឡើយ ខណៈជប៉ុនកំពុងព្យាយាមរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ចំពេលមានបញ្ហាសន្តិសុខកាន់តែស្មុគស្មាញនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

គួរបញ្ជាក់ផងដែរថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) ដែលមានទីស្នាក់ការនៅទីក្រុងឡាអេ ប្រទេសហូឡង់ គឺជាស្ថាប័នច្បាប់អន្តរជាតិមួយ ដែលមានភារកិច្ចស៊ើបអង្កេត និងកាត់ទោសបុគ្គលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដូចជា ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ជាដើម ហើយជប៉ុនគឺជាប្រទេសមួយក្នុងចំណោមអ្នកគាំទ្រសំខាន់របស់ ICC។

ប្រភព៖ The Guardian