ប្រធានាធិបតីបារាំង ងើបឡើងរិះគន់ភាពអសកម្មរបស់សហគមន៍អន្តរជាតិជុំវិញវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា កណ្ដាលមុខមហាសន្និបាតអង្គការសហប្រជាជាតិ(UNGA)


ញូវយ៉ក៖ បារាំង កាណាដា និងចក្រភពអង់គ្លេស បានបង្ហាញការគាំទ្រចំពោះការបង្កើតរដ្ឋប៉ាឡេស្ទីន និងដំណោះស្រាយរដ្ឋពីរ ក្នុងអំឡុងមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ខណៈប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានរិះគន់ការខ្វះសកម្មភាព និងភាពអសក្មរបស់សហគមន៍អន្តរជាតិចំពោះវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា។

ថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លោក ម៉ាក្រុង បានលើកឡើងថា ស្ថានការណ៍នៅហ្គាហ្សា និងការរាំងស្ទះដល់ការផ្តល់ជំនួយមនុស្សធម៌ គឺជាបញ្ហាដែលធ្វើឱ្យសហគមន៍អន្តរជាតិគួរតែពិចារណាឡើងវិញអំពីប្រសិទ្ធភាពនៃការចូលរួមរបស់ខ្លួន។ លោកបានចោទជាសំណួរថា តើសហគមន៍អន្តរជាតិមានភាពជឿជាក់ប៉ុណ្ណា ប្រសិនបើនៅតែបន្តអសកម្មចំពោះស្ថានការណ៍នៅហ្គាហ្សា។

លោក ម៉ាក្រុង ក៏បានរិះគន់សកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ West Bank ដែលកាន់កាប់ និងបានព្រមានថា ការចាត់វិធានការដែលប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសជិតខាង មិនមែនជាមូលដ្ឋានសម្រាប់ពង្រឹងសន្តិសុខក្នុងរយៈពេលវែងនោះទេ។

ជាមួយគ្នានេះ លោក ម៉ាក្រុង រួមជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក អេនឌី បឺនហាម នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខាណី និងរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ហ្វៃសាល់ ប៊ីន ហ្វារហាន អាល់ សាអ៊ូដ បានដឹកនាំកិច្ចប្រជុំមួយនៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីបញ្ហារដ្ឋប៉ាឡេស្ទីន និងការជំរុញដំណោះស្រាយរដ្ឋពីរ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក បឺនហាម បានលើកឡើងថា ការមិនអាចសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ អាចធ្វើឱ្យការជឿទុកចិត្តរបស់ប្រជាជនចំពោះអ្នកនយោបាយ និងដំណើរការការទូតអន្តរជាតិ កាន់តែចុះខ្សោយ។ លោកក៏បានបញ្ជាក់ពីវិធានការរបស់អង់គ្លេសពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មជាមួយតំបន់តាំងទីលំនៅរបស់អ៊ីស្រាអែលនៅ West Bank និងបានរិះគន់គម្រោងតំបន់តាំងទីលំនៅ E1 ថា អាចរារាំងដល់ការសម្រេចបាននូវដំណោះស្រាយរដ្ឋពីរនេះ។

ដោយឡែក នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខាណី បានប្រកាសផ្តល់ជំនួយចំនួន ១០០លានដុល្លារកាណាដា ឬប្រមាណ ៧១លានដុល្លារអាមេរិក ដល់ប្រជាជនប៉ាឡេស្ទីន ដើម្បីរក្សាលទ្ធភាពនៃការសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ។ ក្នុងចំណោមថវិកានេះ ៨០% នឹងត្រូវប្រើសម្រាប់ជំនួយមនុស្សធម៌ដោយផ្ទាល់ ខណៈ២០% ទៀត នឹងគាំទ្រដល់សន្តិភាព និងសន្តិសុខ រួមទាំងកម្មវិធីរយៈពេលច្រើនឆ្នាំរបស់កាណាដា សម្រាប់បណ្តុះបណ្តាលកងកម្លាំងប៉ូលិសប៉ាឡេស្ទីននៅតំបន់ West Bank។

ទន្ទឹមនេះ លោក ខាណី ក៏បានបញ្ជាក់ទៀតថា ប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សានៅតែប្រឈមនឹងការរងទុក្ខវេទនាផ្នែកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ខណៈអ៊ីស្រាអែលប្រឈមនឹងការគំរាមកំហែងផ្នែកសន្តិសុខពីក្រុមហាម៉ាស និងអ៊ីរ៉ង់ ព្រមទាំងក្រុមដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ផ្សេងទៀត។ លោកក៏បានបង្ហាញពីគោលបំណងរបស់កាណាដា ក្នុងការដាក់សម្ពាធលើទំនិញដែលផលិតនៅតំបន់តាំងទីលំនៅរបស់អ៊ីស្រាអែលក្នុងតំបន់ដែលកាន់កាប់នោះដែរ។ តាមប្រភពផ្លូវការបានឱ្យដឹងថា កន្លងមកចាប់តាំងពីការចាប់ផ្តើមសង្គ្រាមនៅហ្គាហ្សា រដ្ឋាភិបាលកាណាដាបានសន្យាផ្តល់ជំនួយជាង ៦០០លានដុល្លារកាណាដា ឬប្រមាណ ៤២៦លានដុល្លារអាមេរិក ដល់ប្រជាជនប៉ាឡេស្ទីន។

ប្រភព៖ Aljazeera