អង់គ្លេសទម្លាយថា រុស្ស៊ីជាប្រភពបំភ័នព័ត៌មានដ៏ធំ ដោយបានចំណាយទុនប្រមាណ ១.៣ពាន់លានផោនក្នុងមួយឆ្នាំ ដើម្បីបង្កើតគេហទំព័រក្លែងក្លាយ


ញូវយ៉ក៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក អេនឌី បឺនហាម បានប្រកាសថា ចក្រភពអង់គ្លេសនឹងបង្កើតមជ្ឈមណ្ឌលជាតិថ្មីមួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិត និងយុទ្ធនាការព័ត៌មានក្លែងក្លាយដែលគាំទ្រដោយបច្ចេកវិទ្យា AI ទំនើប ព្រមទាំងជំរុញកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីបង្កើតស្តង់ដារសុវត្ថិភាពសកលសម្រាប់បញ្ញាសិប្បនិម្មិត (AI)។

ថ្លែងក្នុងសុន្ទរកថាអន្តរជាតិដ៏សំខាន់លើកដំបូងរបស់លោក នៅមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក លោក បឺនហាម បានចោទប្រកាន់ថា រុស្ស៊ីជាភ្នាក់ងារធំបំផុតមួយ ដែលកំពុងប្រើប្រាស់មធ្យោបាយក្លែងបន្លំជាច្រើន រួមមាន Bot និងគេហទំព័រក្លែងក្លាយ ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភាន់សាធារណជន។

យោងតាមទិន្ន័យក្នុងប្រទេសទាំងអស់ លោក បឺនហាមបានអះអាងថា វិមានក្រឹមឡាំងចំណាយប្រមាណ ១.៣ពាន់លានផោនក្នុងមួយឆ្នាំ លើការបំភាន់ព័ត៌មាន ហើយបានប្រើប្រាស់គេហទំព័រក្លែងក្លាយ អត្ថបទសារព័ត៌មានក្លែងក្លាយ និងការក្លែងបន្លំម៉ាកសញ្ញារបស់ស្ថាប័នអង់គ្លេសចំនួន ២៨ រួមទាំងសាកលវិទ្យាល័យ និងសារព័ត៌មាន BBC ទៀតផង។

លោក បឺនហាម បានព្រមានថា បច្ចេកវិទ្យា AI អាចបង្កើនទំហំ និងឥទ្ធិពលនៃការគំរាមកំហែងទាំងនេះ ហើយបានចាត់ទុក AI ជំនាន់ទំនើប ឬហៅថា «Frontier AI» គឺជាបញ្ហាប្រឈមដ៏សំខាន់មួយ ព្រមទាំងជាឱកាសដ៏ធំដូចគ្នាសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ លោកបានប្រកាសបង្កើត មជ្ឈមណ្ឌលជាតិការពារព័ត៌មាន (National Centre for Information Defence) ដែលនឹងធ្វើការជាមួយស្ថាប័នស៊ើបការណ៍សម្ងាត់ ក្រសួងរដ្ឋាភិបាល ស្ថាប័នអនុវត្តច្បាប់ និងបណ្តាញសង្គម ដើម្បីប្រមូលផ្តុំជំនាញ និងសមត្ថភាពក្នុងការរកឃើញ និងរំខានដល់យុទ្ធនាការបំភាន់ព័ត៌មានដែលប្រើប្រាស់ AI ពីរដ្ឋដែលត្រូវបានចាត់ទុកថាជាគូប្រជែង។

ជាមួយគ្នានេះ លោក បឺនហាម បានបញ្ជាក់ថា អង់គ្លេសនឹងដើរតួនាទីជា «អ្នកសម្របសម្រួលដោយស្មោះត្រង់» ក្នុងកិច្ចពិភាក្សាអន្តរជាតិស្តីពី AI ដោយសារអង់គ្លេសមានទំនាក់ទំនងជិតស្និទ្ធជាមួយទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

លោកបានប្រកាសថា អង់គ្លេសនឹងដាក់បញ្ហា AI ជាចំណុចស្នូលមួយក្នុងអាណត្តិជាប្រធានក្រុមប្រទេស G20 នៅឆ្នាំក្រោយ និងនឹងជំរុញឱ្យមានការព្រមព្រៀងលើគោលការណ៍ និងស្តង់ដារសកល ដើម្បីធានាឱ្យមានតម្លាភាព ការចូលប្រើប្រាស់ម៉ូដែល AI និងការអភិវឌ្ឍបច្ចេកវិទ្យានេះប្រកបដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ការប្រកាសនេះកើតឡើងនៅពេលដែលប្រទេសជាង ២០ រួមមានអាល្លឺម៉ង់ កាណាដា និងអៀរឡង់ បានគាំទ្រសេចក្តីប្រកាសមួយដែលអំពាវនាវឱ្យ AI ស្ថិតក្រោមការគ្រប់គ្រងរបស់មនុស្ស និងតម្រូវឱ្យមានការធ្វើតេស្តសុវត្ថិភាពជាមុន ចំពោះម៉ូដែល AI ជំនាន់ទំនើប មុនពេលដាក់ឱ្យប្រើប្រាស់ជាសាធារណៈ។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិក ចិន និងអង់គ្លេស មិនទាន់បានចុះហត្ថលេខាលើសេចក្តីប្រកាសនេះនៅឡើយទេ។

ដោយឡែក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញជំហរផ្ទុយគ្នា ដោយបានច្រានចោលការប៉ុនប៉ងបង្កើតក្របខណ្ឌសកលសម្រាប់គ្រប់គ្រង AI និងបានថ្លែងថា សហរដ្ឋអាមេរិកនឹងលើកទឹកចិត្តការអភិវឌ្ឍ AI ជាជាងត្រឹមតែពិនិត្យលើបច្ចេកវិទ្យានេះ។

ប្រភព៖ BBC