សម្ដេច ហ៊ុន សែន ប្រកាសគាំទ្រការលើកឡើងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ថាប្រទេសមហាអំណាច គួរតែបញ្ឈប់ការលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងប្រទេសនានា
នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ សម្ដេចបានរំលេចឡើងអំពីទំនាក់ទំនងជាមួយមិត្តបរទេស។ សម្ដេចបានលើកឡើងថា តើបរទេសជ្រើសរើសប្រទេសកម្ពុជា ឬជ្រើសរើសបុគ្គលមួយក្រុមដែលប្រព្រឹត្តខុស? បើបរទេសត្រូវការមនុស្សដែលច្បាប់កម្ពុជាបានដាក់ទោស ប្រទេសទាំងនោះអាចផ្ដាច់ទូតចេញពីកម្ពុជា ព្រោះជារឿងទំនាក់ទំនងរវាងប្រទេស និងប្រទេស។
ថ្មីៗនេះ តាមរយៈដំណើរទស្សនកិច្ចរបស់លោក Anwar Ibrahim នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីនៅកម្ពុជា លោកបានប្រកាសថា ប្រទេសមហាអំណាចគួរតែបញ្ឈប់ការលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនានា។ ពាក់ព័ន្ធនឹងការលើកឡើងនេះ សម្ដេច ហ៊ុន សែន បានសម្ដែងការគាំទ្រទាំងស្រុង។ សម្ដេចបានចាត់ទុកថា ទង្វើបែបនេះជាការជ្រៀតជ្រែក និងសង្កត់លើកិច្ចការផ្ទៃក្នុងរបស់ប្រទេស។ សម្ដេចបន្តថា កិច្ចការរបស់កម្ពុជាគឺកម្ពុជាប្រកាន់ជំហរឯករាជ្យរបស់ខ្លួន និងទំនាក់ទំនងដៃគូទូលំទូលាយ។ គ្រប់មុខព្រួញទាំងអស់ កម្ពុជានឹងមិនធ្វើជាសត្រូវជាមួយប្រទេសណាមួយនោះទេ។
កួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ជាមន្ទីរពេទ្យបង្អែកមួយក្នុងចំណោមមន្ទីរពេទ្យបង្អែកទាំង៧ នៃខេត្តត្បូងឃ្មុំ បានចាប់ផ្ដើមកសាងនៅខែកក្កដា ឆ្នាំ២០២០ មានផ្ទៃដី ១២,៦៤៧ម៉ែត្រការ៉េ បាន ទិញដីពង្រីកបន្ថែមចំនួន ៦,៧៥៥ម៉ែត្រការ៉េ ធ្វើឱ្យផ្ទៃដីសរុបកើនដល់ ១៩,៤០២ម៉ែត្រ៕