លោក ដូណាល់ ត្រាំ ដាក់ពន្ធថ្មីពី ១០% ដល់ ១២,៥% លើដៃគូពាណិជ្ជកម្ម ៦០ប្រទេស!
វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់វិធានការពន្ធថ្មីលើទំនិញនាំចូលពីដៃគូពាណិជ្ជកម្មចំនួន ៦០ប្រទេស ដោយកំណត់អត្រាពន្ធចន្លោះពី ១០% និង ១២,៥% ក្រោមហេតុផលថា ប្រទេសទាំងនេះមិនបានអនុវត្តវិធានការប្រឆាំងការនាំចូលទំនិញដែលផលិតដោយពលកម្មដោយបង្ខំឱ្យបានគ្រប់គ្រាន់។


វិធានការថ្មីនេះ ត្រូវបានប្រកាសនៅថ្ងៃព្រហស្បតិ៍ ហើយបានចូលជាធរមាននៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ ដែលជាពេលដំណាលគ្នានឹងការផុតកំណត់នៃពន្ធបន្ថែមសកល ១០% បណ្តោះអាសន្នរយៈពេល ១៥០ថ្ងៃរបស់លោក ត្រាំ ផងដែរ។



យោងតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលអាមេរិក ពន្ធថ្មីនេះគ្របដណ្តប់លើប្រមាណ ៩៩,៤% នៃទំនិញនាំចូលទាំងអស់របស់សហរដ្ឋអាមេរិក ប៉ុន្តែមានការលើកលែងសម្រាប់មុខទំនិញមួយចំនួន ដូចជា ប្រេង និងឧស្ម័ន ជីកសិកម្ម អាហារមួយចំនួន ព្រមទាំងទំនិញដែលស្ថិតក្រោមវិធានការពន្ធសន្តិសុខជាតិផ្សេងទៀត។
ជាមួយគ្នានោះ លោក Jamieson Greer តំណាងពាណិជ្ជកម្មអាមេរិក បានថ្លែងថា សហរដ្ឋអាមេរិកបានហាមឃាត់ការនាំចូលទំនិញដែលផលិតដោយពលកម្មដោយបង្ខំអស់រយៈពេលជិតមួយសតវត្សរ៍ហើយ ក៏កំពុងអនុវត្តច្បាប់នេះយ៉ាងតឹងរ៉ឹងបន្ថែមទៀត។
គួរបញ្ជាក់ថា ក្នុងចំណោមប្រទេសដែលត្រូវបានដាក់ពន្ធ ១០% រួមមាន អាហ្សង់ទីន បង់ក្លាដែស ចក្រភពអង់គ្លេស កម្ពុជា កាណាដា អេក្វាឌ័រ អែលសាល់វ៉ាឌ័រ ហ្គាតេម៉ាឡា ហុងឌូរ៉ាស ឥណ្ឌា ឥណ្ឌូណេស៊ី ហ្ស៊កដានី ម៉ាឡេស៊ី ម៉ិកស៊ិក ប៉ាគីស្ថាន ស្រីលង្កា និងទ្រីនីដាដ និងតូបាហ្គោ។ ចំណែកសហភាពអឺរ៉ុប តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង និងស្វីស ត្រូវបានកំណត់អត្រាពន្ធសរុប ១០% ឬ ១២,៥% ដោយរួមបញ្ចូលជាមួយអត្រាពន្ធដែលមានស្រាប់រួចហើយ។
ដោយឡែក ប្រទេសចំនួន ៣៨ផ្សេងទៀត ត្រូវបានកំណត់ពន្ធ ១២,៥% ក្នុងនោះមានប្រទេសវៀតណាម និងចិន។ សហរដ្ឋអាមេរិកបានចោទប្រកាន់ចិនថា មានការប្រើប្រាស់ពលកម្មដោយបង្ខំលើក្រុមជនជាតិអ៊ុយហ្គួរ ប៉ុន្តែទីក្រុងប៉េកាំងបានបដិសេធការចោទប្រកាន់នេះដូចគ្នា។
ទោះជាយ៉ាងណាសម្រាប់ប្រទេសកម្ពុជា រដ្ឋាភិបាលអាមេរិកបានកំណត់អត្រាពន្ធ ១០% លើទំនិញនាំចេញទៅកាន់ទីផ្សារអាមេរិក ដោយប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងមានការកំណត់កម្រិតពន្ធជាមុន នឹងមិនត្រូវបង់ពន្ធលើសពីកម្រិតដែលបានព្រមព្រៀងគ្នាឡើយ។
ប្រភព៖ Reuters















