រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ទីផ្សារចិន និងសហរដ្ឋអាមេរិក គឺជាទីផ្សារដែលបំពេញបន្ថែមគ្នាសម្រាប់ទំហំសេដ្ឋកិច្ចកម្ពុជា មិនមែនជាទីផ្សារប្រកួតប្រជែងនោះទេ
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានអះអាងថា ទីផ្សារចិន និងសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចូល និងនាំចេញដ៏សំខាន់របស់កម្ពុជា គឺជាទីផ្សារដែលបំពេញបន្ថែមគ្នាសម្រាប់ទំហំសេដ្ឋកិច្ចកម្ពុជា មិនមែនជាទីផ្សារប្រកួតប្រជែងនោះទេ ដោយកម្ពុជាបានដើរតួនាទីជាដៃគូផលិតកម្ម និងកែច្នៃ ដែលអនុញ្ញាតឱ្យសកម្មភាពសេដ្ឋកិច្ចរវាងទីផ្សារទាំងពីរហូរចេញចូលបាន។

ក្នុងកិច្ចសម្ភាសន៍ជាមួយ Bloomberg លោកជំទាវ ចម និម្មល បានលើកឡើងបែបនេះ នៅពេលឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលកម្ពុជា និងចិនបានចុះហត្ថលេខា និងការព្រួយបារម្ភថា «តើកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់កម្ពុជា ជាមួយភាគីទីបី អាចប៉ះពាល់ដល់ផលប្រយោជន៍របស់ចិនដែរឬទេ?»។
ទន្ទឹមនឹងការចោទសួរបែបនោះ លោកជំទាវបានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការយោគយល់រវាងកម្ពុជា និងចិន ក្នុងនាមជាដៃគូដ៏ល្អជាមួយគ្នា ហើយជាគំនិតផ្តួចផ្តើមពីភាគីចិន ដោយមានការចូលរួមពីកម្ពុជា។ ដោយឡែក ការចុះហត្ថលេខាលើអនុស្សរណៈបែបនេះ ឆ្លុះបញ្ចាំងពីភាពបើកចំហ និងតម្លាភាពរបស់កម្ពុជា ក្នុងនាមជាដៃគូពាណិជ្ជកម្មដែលគួរឱ្យទុកចិត្ត ព្រមទាំងការយកចិត្តទុកដាក់ចំពោះផលប្រយោជន៍របស់ដៃគូពាណិជ្ជកម្ម និងការគោរពអធិបតេយ្យភាពរបស់ភាគីទាំងអស់។
ជាមួយគ្នានោះ លោកជំទាវបន្តថា កម្ពុជានឹងដើរតួជាដៃគូ ឬប្រភពដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យដំណើរការកែច្នៃ និងការប្រមូលផ្តុំសកម្មភាពសេដ្ឋកិច្ច ជាពិសេសក្នុងឧស្សាហកម្មកាត់ដេរ ស្បែកជើង និងវាយនភណ្ឌ អាចហូរចេញចូលត្រឡប់ទៅវិញទៅមកនៅគ្រប់ទិសទី។















