សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ សារព័ត៌មាន Bloomberg ថា ការចោទប្រកាន់របស់រដ្ឋមន្ត្រីការបរទេសថៃ គឺជាការបំភ្លៃការពិតចំពោះកម្ពុជា
ភ្នំពេញ៖ ក្នុងការផ្តល់កិច្ចសម្ភាសន៍ជាមួយបណ្តាញព័ត៌មានអន្តរជាតិ Bloomberg នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការបកស្រាយ និងបំភ្លឺយ៉ាងច្បាស់ៗជុំវិញការរិះគន់របស់ រដ្ឋមន្រ្តីការបរទេសថៃ Sihasak Phuangketkeow ដែលចោទថា ការដែលកម្ពុជាឆ្ពោះទៅរក «យន្តការផ្សះផ្សាដោយបង្ខំខំ» ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បានបិទទ្វារសម្រាប់ការចរចាព្រំដែន។

សម្តេចធិបតីបានគូសបញ្ជាក់ថា ការថ្លែងបែបនេះរបស់ភាគីថៃគឺ «ពុំទាន់មានភាពច្បាស់លាស់ និងខ្វះយុត្តិធម៌បំផុតសម្រាប់កម្ពុជា»។ សម្ដេចបានរំឭកនូវចំណុចធំៗមួយចំនួនថា ថៃគឺជាអ្នកលុបចោល MOU 2001៖ មូលហេតុចម្បងដែលកម្ពុជាត្រូវស្វែងរកកិច្ចអន្តរាគមន៍ពី UNCLOS គឺដោយសារតែភាគីថៃបានសម្រេចចិត្តលុបចោល «អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១» (MOU 2001) ដែលជាយន្តការទ្វេភាគីតែមួយគត់សម្រាប់ដោះស្រាយបញ្ហាតំបន់សមុទ្រ។ បើទោះបីជាកម្ពុជាបានព្យាយាមស្វែងរកដំណោះស្រាយ និងរំលឹកជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ ក៏ភាគីថៃនៅតែបន្តលុបចោលដដែល និងបង្ខំឱ្យកម្ពុជាគ្មានជម្រើសអ្វីក្រៅពីការប្រើប្រាស់យន្តការអន្តរជាតិនេះឡើយ។
ដោយឡែក សម្ដេចបានបន្ថែមទៀតថា ចំពោះការចោទប្រកាន់ដែលថាមាន”កិច្ចព្រមព្រៀង ឬលក្ខខណ្ឌមុនណាមួយដែលរារាំងការចរចានោះ គឺមិនពិតនោះទេ”។ ឆ្លើយតបនឹងសំណួរក្នុងបទសម្ភាសជាមួយ Bloomberg ស្តីពីភាពខុសគ្នានៃគោលជំហរដែលថៃចង់ផ្តោតលើ «ការខណ្ឌសីមាព្រំដែន» រីឯកម្ពុជាចង់ផ្តោតលើ «ការអភិវឌ្ឍរួមគ្នា» (Joint Development) និងថា “តើកម្ពុជាអាចបង្រួមវិសាលភាពចរចាដែរឬទេ?” សម្តេចធិបតីបានបញ្ជាក់ថា វា «នៅឆាប់ពេក» ក្នុងការនិយាយអំពីការបង្រួមវិសាលភាពចរចានៅពេលនេះ។
ជាមួយគ្នានោះ សម្តេចបានបញ្ជាក់ថា អ្វីដែលសំខាន់បំផុតនៅដំណាក់កាលនេះ គឺត្រូវរុញច្រានដំណើរការនីតិវិធីកិច្ចចរចារឱ្យទៅមុខជាមុនសិន ជាពិសេសការសម្រេចលើសមាសភាពប្រធានចៅក្រម (អាជ្ញាកណ្តាលទី ៥) បន្ទាប់ពីភាគីនីមួយៗបានជ្រើសរើសចៅក្រម ២ រូបរួចមក។ ក្នុងនោះសម្ដេចបន្ថែមថា កម្ពុជានៅតែរក្សាជំហរដាក់ចេញនូវសំណើទាំងពីរទន្ទឹមគ្នា គឺទាំង «ការកំណត់ព្រំដែន» និង «ការអភិវឌ្ឍរួមគ្នា» ដើម្បីធ្វើការសម្រេចចិត្តនាពេលខាងមុខ។















