|

«ឯកឧត្តម ហ៊ុន ម៉ានី រំលឹកអនុស្សាវរីយ៍ និងចែករំលែក បទពិសោធន៍ការងារមូលដ្ឋានដំបូងគេបំផុតនៅស្រុកឧដុង្គ»


ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីអប់រំ និងមន្រ្តីសុខាភិបាល នៃស្រុកឧដុង្គខេត្តកំពង់ស្ពឺ នៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែនបាត់ដឹង ដែលជាស្រុកនៃចំណុចចាប់ផ្តើមការងារមូលដ្ឋានរបស់ឯកឧត្តមផ្ទាល់។

នាឱកាសនៃវិធីសំណេះសំណាលនោះ ឯកឧត្តម ហ៊ុន ម៉ានីសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវត្តមាន លោកគ្រូ អ្នកគ្រូបង្រៀន លោកគ្រូ អ្នកគ្រូ ពេទ្យនៅស្រុកឧដុង្គ។ ឯកឧត្តមបានលើកឡើងថា ការជួបជុំសប្បាយរីករាយនាថ្ងៃនេះ បានផ្សារភ្ជាប់នូវមនោសញ្ចោតនា និង អនុស្សាវរិយ៍ល្អៗ និងការរៀនសូត្រដោយផ្ទាល់ ជាពិសេសនោះគឺ ភាពហ្មត់ចត់ ភាពទន់ភ្លន់ ការគោរពគ្នាទៅវិញទៅមក ក្នុងការទាក់ទង ការហ្វឹកហាត់ការងារ ដោយមិនប្រកាន់វ័យដែលនាំឲ្យការងារទទួលបានលទ្ធផលល្អ និងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ឯកឧត្តមបានគូរបញ្ជាក់ផងដែរថា ឯកឧត្តមបានរៀនសូត្រដោយផ្ទាល់ពី ថ្នាក់ដឹកនាំស្រុក លោកអ៊ំ លោកពូដែលជាមេឃុំ រួមទាំងលោកគ្រូ អ្នកគ្រូ ដែលបានចូលរួមវគ្គបំប៉នសិស្សានុសិស្សដែលត្រៀមប្រលងមធ្យមសិក្សាទុតិយភូមិផងដែរ។

តាមរយៈបទពិសោធន៍ ១០ ឆ្នាំរបស់ឯកឧត្តម ឯកឧត្តមបានចែករំលែកផងដែរថា ចំណេះដឹងជាមូលដ្ឋាន ហើយដើម្បីទទួលបានវា យើងគប្បីសិក្សារៀនសូត្រពីសៀវភៅ សាលា និងទ្រឹស្តីនានា បន្ទាប់មកយើងគប្បីរៀនសូត្រពីបុគ្គលជោគជ័យ តាមរយៈការសង្កេត សិក្សា និងស្វែងយល់ពីសិល្បៈនៃការដឹកនាំ រៀនសូត្រពីភាពជោគជ័យ និងបរាជ័យរបស់ពួកគេ រួចហើយ ខិតខំហ្វឹកហាត់សមត្ថភាពខ្លួនឯង និងបន្តរៀនសូត្រពីការងារ ដោយអោយការងារបង្រៀនតាមរយៈការរៀនធ្វើផង អនុវត្តផង និងដកស្រង់ជាបទពិសោធន៍ផង។

ស្របជាមួយការលើកឡើងខាងលើនេះ ឯកឧត្តមបានមានប្រសាសន៍ថា ចំណេះដឹងជាគឺជាមូលដ្ឋាននៃការដឹកនាំ តែមិនទាន់គ្រប់គ្រាន់នោះទេ គឺយើងត្រូវចេះប្រើចំណេះដឹងឱ្យត្រូវគោលដៅ ទើបគ្រប់គ្រាន់។ ទន្ទឹមនឹងនោះឯកឧត្តមបានគូរបញ្ជាក់ពីទស្សនៈផ្ទាល់ខ្លួនថា ការដឹកនាំមានកម្រិតខុសៗគ្នា ដែលតម្រូវឱ្យមានការសិក្សាសុីជម្រៅ និងអនុវត្តការងារតាមបែបបត់ និងមូលដ្ឋាននៃស្ថាប័ននិមួយៗ។

សូមជម្រាបជូនថា អមដំណើរគណៈអធិបតីនាឱកាសនោះរួមមាន ឯកឧត្តម លី សុន ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះជួយឃុំសង្កាត់ ក្រុមការងាររាជរដ្ឋាភិបាលខេត្ត ស្រុក លោកគ្រូ អ្នកគ្រូ លោក លោកស្រីវេជ្ជបណ្ឌិត មន្រ្តី បុគ្គលិកអប់រំ និងសុខាភិបាល ស្រុកភ្នំស្រួច ប្រមាណ ១, ១២៧ នាក់។