|

ឯកឧត្តម ហ៊ុន ម៉ានី៖ វេទិកាចែករំលែកបទពិសោធន៍របស់អាជ្ញាធរមូលដ្ឋានគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល គឺដើម្បីប្រែក្លាយអង្គភាពមិនទាន់លេចធ្លោ ទៅជាអង្គភាពដែលមានការទទួលស្គាល់


នេះជាប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងងារសាធារណៈ ថ្លែងក្នុងឱកាសញ្ជើញជាសហអធិបតីក្នុងពិធីបើក «សិក្ខាសាលាចែករំលែកបទពិសោធន៍របស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល» នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។

នាឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ពីមួយដំណាក់កាលទៅមួយដំណាក់កាល ក្រសួងមុខងារសាធារណៈតែងវាយតម្លៃជាប្រចាំ ព្រោះការប្រឡងប្រជែងរបស់អង្គភាពសាធារណៈ មិនមែនត្រឹមតែចង់ឃើញលេខ ១ លេខ២ លេខ៣ នោះទេ ប៉ុន្តែផ្ទុយទៅវិញគឺជះផលវិជ្ជមានច្រើនជាងនេះ ដោយក្រសួងបានផ្ដល់ជាវេទិការជូនដល់អង្គភាពទាំងវិស័យអប់រំ និងសុខាភិបាល ដែលមានឆន្ទៈ និងការខិតខំប្រឹងប្រែងអនុវត្តក្នុងការប្រែក្លាយអង្គភាពរបស់ខ្លួនឲ្យកាន់តែប្រសើរ។

យ៉ាងណាមិញ ឯកឧត្តមបានបន្ថែមថា «សិក្ខាសាលាចែករំលែកបទពិសោធន៍របស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល»នេះ គឺជាវេទិកាមួយផ្ដល់ជូនសម្រាប់អ្នកមានបំណងចែករំលែកទស្សនៈ បទពិសោធ ភាពបត់បែន និងនវានុវត្ត ក្នុងការប្រែក្លាយអង្គភាពរបស់ខ្លួន ពីអង្គភាពមួយដែលមិនមានភាពលេចធ្លោ មិនមានការទទួលស្គាល់ មិនមានភាពជឿជាក់ ទៅជាអង្គភាពមួយដែលមានការទទួលស្គាល់ និងមានការទៅទទួលសេវ៉ាប្រកបដោយទំនុកចិត្ត។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ក្រៅពីការខិតខំកសាងសមិទ្ធិផលទៅជាអង្គភាពផ្តល់សេវាសាធារណៈគំរូ អ្វីដែលគួរចូលរួមចំណែកបន្ថែម គឺការពង្រឹងសេវ៉ាសាធារណៈ ការគ្រប់គ្រង ការសាមគ្គីឯកភាព មានចក្ខុវិស័យ និងមានសមត្ថភាពជាមួយនឹងការគៀគរទាំងសហគម និងដៃគូរអភិវឌ្ឍផ្សេងៗ ដើម្បីអាចមានវិសាលភាពលើសពីកញ្ចប់ថវិការដែលជាតិបានផ្ដល់។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ ដើម្បីចែករំលែកបទពិសោធ និងវិធីសាស្ត្រល្អៗពីអាជ្ញាធរខេត្តដែលអនុវត្តបានល្អ ព្រមទាំងបំផុសចលនាឱ្យអាជ្ញាធរមូលដ្ឋាន ចូលរួមយ៉ាងសកម្មក្នុងការប្រែក្លាយសាលារៀន និងមណ្ឌលសុខភាព ទៅជាអង្គភាពផ្តល់សេវាគំរូ។