កម្ពុជា-ចិនសហការគ្នាជំរុញឱ្យមានជើងហោះហើរត្រង់រវាងខេត្តគ័នស៊ូ និងខេត្តសៀមរាបឡើងវិញឆាប់ៗខាងមុខនេះ!
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តគ័នស៊ូ (Gansu) នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ និងសកម្ម ព្រមទាំងជំរុញឱ្យមានការហោះហើរត្រង់រវាងខេត្តគ័នស៊ូ និងខេត្តសៀមរាបឡើងវិញ






ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំ គណៈប្រតិភូក្រសួងទេសចរណ៍ទៅចូលរួមព្រឹត្តិការណ៍ទេសចរណ៍ «The 9th Silk Road (Dunhuang) International Cultural Expo» នៅទីក្រុងទុងហ័ង ខេត្តគ័នស៊ូ (Gansu) នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅជាមួយឯកឧត្តម Wu Xiaojun លេខាធិការបក្សខេត្ត Gansu និងសហការីជាន់ខ្ពស់ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងខេត្តគ័នស៊ូ (Gansu)។
ក្នុងជំនួបពិភាក្សាការងារប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានពិភាក្សា និងឯកភាពលើការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែសកម្ម និងជាក់ស្តែង ដោយនឹងស្នើសុំគោលការណ៍អនុញ្ញាតពីថ្នាក់ដឹកនាំនៃភាគីទាំងពីរដើម្បីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តគ័នស៊ូនៃសាធារណរដ្ឋប្រជាមានិតចិន ដែលគ្រោងនាពេលឆាប់ៗខាងមុខ ព្រមទាំងសហការរួមគ្នាជំរុញឱ្យមានការជើងហោះហើរត្រង់រវាងខេត្តគ័នស៊ូ (Gansu) និងខេត្តសៀមរាបដែលពិតជាជួយសម្រួលដល់ការធ្វើដំណើរទៅមក និងជួយជំរុញលំហូរភ្ញៀវទេសចររវាងគ្នាទៅវិញទៅមក។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះភាគីខេត្តគ័នស៊ូ ដែលតែងតែគាំទ្រ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរប្រជាជន និងប្រជាជន, វិស័យទេសចរណ៍ជាមួយកម្ពុជា ដើម្បី ចូលរួមចំណែកដ៏សកម្មក្នុងការកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល»។
ប្រភព៖ ក្រសួងទេសចរណ៍

















