កងទ័ពថៃបាញ់សញ្ញាព្រមានភ្លាមៗ ក្រោយគ្រាប់កាំភ្លើងពីការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ាធ្លាយចូលទឹកដីថៃ!
ថៃ៖ កងកម្លាំងទាហានថៃបានបាញ់គ្រាប់ភ្លើងបំភ្លឺព្រមាននៅល្ងាចថ្ងៃអង្គារ បន្ទាប់ពីគ្រាប់កាំភ្លើងពីការប៉ះទង្គិចគ្នារវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ឬក្រុមតស៊ូ បានឆ្លងចូលទឹកដីថៃ ក្នុងស្រុក Mae Sot ខេត្ត Tak។




តាមសារព័ត៌មាន Khaosod បានរាយការណ៍នៅថ្ងៃពុធ នេះថា ការបាញ់គ្រាប់ភ្លើងព្រមាននេះធ្វើឡើងនៅម៉ោងប្រមាណ ១៩:១៥នាទីយប់ ដោយកងកម្លាំង Rajamanu Task Force ក្រោមបញ្ជាការកងកម្លាំង Naresuan ស្របតាមគោលការណ៍ប្រតិបត្តិការយោធា (ROE) ដើម្បីឆ្លើយតបនឹងហេតុការណ៍ដែលបានកើតឡើង។
ក្រោយស្ថានការណ៍នេះ កងកម្លាំងថៃបានបង្កើនវិធានការសន្តិសុខតាមបណ្តោយព្រំដែន ដោយដាក់ពង្រាយកម្លាំងល្បាត និងតាមដានស្ថានការណ៍យ៉ាងម្មត់ចត់បំផុត។ វិធានការទាំងនេះមានគោលបំណងត្រៀមទប់ទល់នឹងហេតុការណ៍ដែលអាចកើតឡើងបន្ថែម និងទប់ស្កាត់ការគាំទ្រដល់ការប្រយុទ្ធឆ្លងដែនដោយគ្មានការអនុញ្ញាត ព្រមទាំងផ្តល់អាទិភាពដល់សុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន។
ប្រភព៖ Khaosod













